យោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌលរញ្ជួយដី និងរលកយក្សស៊ូណាមិបានឲ្យដឹងថា ខេត្ត Kon Tum របស់វៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២៨ លើក ដែលមានកម្រិតចាប់ពី ២.៥ រ៉ិចទ័រ ដល់ ៤.២ រ៉ិចទ័រក្នុងរយៈពេល ៤ ថ្ងៃ ។
ក្នុងនោះស្រុក Kon Plong ក្នុងខេត្ត Kon Tum ត្រូវបានវាយប្រហារដោយការរញ្ជួយដីកម្រិត ៤.០ រ៉ិចទ័រ កាលពីម៉ោង ១០ យប់ថ្ងៃចន្ទ ហើយវាគឺជាការរញ្ជួយលើកទី ៥ និងមានឥទ្ធិពលបំផុតក្នុងថ្ងៃតែមួយ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ការរញ្ជួយដីនៅជម្រៅប្រមាណ ៨.៨ គីឡូម៉ែត្រ គឺមិនមានហានិភ័យនៃគ្រោះមហន្តរាយណាមួយនោះទេ ។
លើសពីនេះ ការរញ្ជួយ ៤ លើកផ្សេងទៀត កម្រិតពី ២.៥ រ៉ិចទ័រ ទៅ ២.៩ រ៉ិចទ័រ បានវាយប្រហារស្រុកដដែលកាលពីព្រឹកថ្ងៃចន្ទ ហើយការរញ្ជួយចំនួន ១៤ លើក ដែលកម្រិតខ្ពស់បំផុតឈានដល់ ៤.២ រ៉ិចទ័រ ត្រូវបានរាយការណ៍នៅក្នុងស្រុក Kon Plong កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈមកដល់ថ្ងៃអាទិត្យ ការរញ្ជួយ ៥ លើកដែលមានកម្រិត ៣.៣ រ៉ិចទ័រ ក៏បានវាយប្រហារស្រុកនេះបន្តទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Nguyen Xuan AN ប្រធានវិទ្យាស្ថានភូមិសាស្ត្រវៀតណាមបានព្រមានថា ស្រុក Kon Plong អាចនឹងជួបប្រទះការរញ្ជួយដីជាបន្តបន្ទាប់ទៀតនៅថ្ងៃខាងមុខ ។ លោកក៏បានព្រមានប្រជាជន និងអាជ្ញាធរមូលដ្ឋានអំពីផលប៉ះពាល់នៃការរញ្ជួយដីលើអគារ កសិដ្ឋានចិញ្ចឹមសត្វ និងផ្ទះសម្បែងផងដែរ ។
គួរបញ្ជាក់ថា នេះមិនមែនជារឿងថ្មីឡើយ ដែលខេត្ត Kon Tum របស់វៀតណាម ជួបគ្រោះរញ្ជួយដី បន្ទាប់ពីការរញ្ជួយដីកម្រិត ៤.៧ រ៉ិចទ័រដែលបានកត់ត្រានៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ គឺជាកម្លាំងខ្លាំងបំផុតដែលវាយប្រហារតំបន់នេះ ៕