
ស្បែកជើងប៉ាតា Apple មួយគូត្រូវបានលក់នៅផ្ទះដេញថ្លៃ Sotheby’s តម្លៃ ៥០០០០ ដុល្លារ គឺជាតម្លៃខ្ពស់បំផុតក្នុងចំណោមផលិតផល Apple ទាំងអស់ ។ដើមឡើយគេបង្កើតស្បែកជើងពណ៌សនេះដើម្បីផ្ដល់ជូនបុគ្គលិកក្នុងសន្និសិទ “ការលក់ខ្នាតជាតិ” តែម្ដងគត់ កាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ។
Sotheby’s បានឲ្យដឹងថា “ស្បែកជើងប៉ាតាពិសេសមួយគូនេះ មិនដែលបានទៅដល់សាធារណជនទូទៅទេ វាជាវត្ថុកម្របំផុតមិនធ្លាប់មាន” ។គួរជម្រាបថា នៅឆ្នាំ ១៩៨៦ Apple បានចេញលក់សំលៀកបំពាក់ និងវត្ថុជាច្រើនមានឈ្មោះថា “The Apple Collection” រួមមានពែង ឆ័ត្រ កាបូប កូនសោរ និងក្ដារក្ដោង ដែលសុទ្ធតែមានស្លាកសញ្ញា Apple ឥន្ទធនូ ហើយមនុស្សដល់ទៅ ២២ ០០០ នាក់បានទិញអាវរបស់ Apple ។ដោយឡែក ស្បែកជើងប៉ាតាខាងលើមិនមែនជាផលិតផល Apple ដំបូងគេដែលលក់ដាច់ក្នុងប៉ុន្មានខែថ្មីៗនេះទេ ។
ដំបូង iPhone ស៊េរីឆ្នាំ ២០០៧ ជំនាន់ទី ១ លក់បានជាង ១៩ ម៉ឺនដុល្លារ នៅឯការដេញថ្លៃកាលពីខែមុន ខណៈស្បែកជើង Birkenstock ចាស់មួយគូដែលជាកម្មសិទ្ធិរបស់សហស្ថាបនិក Appleគឺ Steve Jobs លក់បាន ២០ ម៉ឺនដុល្លារ នៅឯការដេញថ្លៃក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ៕




