អ៊ុយក្រែន៖ ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើតកាលពីថ្ងៃអាទិត្យរវាងកងកម្លាំងរុស្ស៊ី និងក្រុមអ្នកតស៊ូរបស់អ៊ុយក្រែន ដែលបានព្យាយាមដណ្ដើមកាន់កាប់ទីក្រុង Severodonetsk ដ៏សំខាន់របស់តំបន់ Luhansk។
អភិបាលតំបន់ Luhansk បាននិយាយថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅទីក្រុងឧស្សាហកម្ម Severodonetsk ដែលមានមនុស្សរស់នៅប្រមាណ ១០០,០០០នាក់ ហើយកងកម្លាំងរុស្ស៊ីកំពុងព្យាយាមវាយដណ្ដើមគ្រប់គ្រងទីក្រុងមួយនេះ។ អភិបាលតំបន់ Luhansk លោក Serhiy Haidai បានសរសេរនៅក្នុងសារ Telegram ថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតកំពុងឈានទៅរកការដណ្ដើមយកទីក្រុង Severodonetsk ប៉ុន្តែរាល់កាបោះទីលំនៅទាំងឡាយនៅក្នុងតំបន់ Luhansk គឺជាចំណុចគ្រោះថ្នាក់បំផុត។ ពេលនេះមានការបាញ់ប្រហារគ្នានៅក្នុងភូមិ Bilohorivka ភូមិ Voivodivka និងវាយរុលទៅកាន់ទីក្រុង Popasna។
លោកនិយាយថា ជនជាតិអ៊ុយក្រែនរាប់សិបនាក់ត្រូវគេបារម្ភថាបានស្លាប់ ក្រោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានបំផ្លិចបំផ្លាញសាលារៀនមួយកន្លែង ដែលប្រជាពលរដ្ឋប្រមាណ ៩០នាក់ស្នាក់នៅក្នុងបន្ទប់ក្រោមដីក្នុងភូមិ Bilohorivka។ យ៉ាងណាក៏ដោយប្រភពពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា មនុស្សប្រហែល ៦០នាក់បានស្លាប់ បន្ទាប់ពីគ្រាប់បែកត្រូវចំសាលារៀនមួយកន្លែងក្នុងភាគខាងកើតអ៊ុយក្រែន៕