បាល់ទាត់៖ ក្លិបបាល់ទាត់អ្នកមាននៅអង់គ្លេស Premier League, ManchesterCity នឹងបានបង្ហាញខ្លួនជាធម្មតាវិញនៅក្របខណ្ឌអឺរ៉ុប UEFA Champions League ក្រោយបណ្ដឹងឧទ្ធរណ៍ទទួលបានជោគជ័យ បន្ទាប់ពីការចោទប្រកាន់ពី UEFA។ យ៉ាងណាក្តី Premier League មិនទាន់បិទសំណុំរឿងនេះឡើយ ដោយនឹងបន្តស៊ើបអង្កេតលើចរន្តហិរញ្ញវត្ថុក្រុម ដែលកំពុងឈរលេខ២ នៅពេលនេះ។
រំលឹកថា កាលពីពេលកន្លងទៅ UEFA បានចោទប្រកាន់ក្រុមជើងឯក Premier League រដូវកាលមុនមួយនេះថា បានធ្វើខុសនឹងច្បាប់តុល្យភាពហិរញ្ញវត្ថុ ដោយបានចំណាយលុយច្រើនជាងចំណូល ក្នុងទិញដូរកីឡាករពីចន្លោះឆ្នាំ២០១២ ដល់ ២០១៦។ ក្រោយពីការចោទប្រកាស UEFA បានសំរេចដាក់ពិន័យក្រុមរបស់លោក Pep Guardiola ២ឆ្នាំមិនឲ្យលេងនៅក្របខណ្ឌអឺរ៉ុប និងពិន័យជាទឹកប្រាក់ផងដែរ។ ក្រោយបណ្ដឹងឧទ្ធរណ៍ទទួលបានជោគជ័យនេះ ការពិន័យជាទឹកប្រាក់ក៏ត្រូវបានកាត់បន្ថយដែរពី ៣០លានអឺរ៉ូមកត្រឹម ១០លានអឺរ៉ូវិញ។ Manchester City កំពុងស្ថិតក្នុងតំណែងលេខ២ នៅ Premier League ដែលជាតំណែងមានកៅអីស្វ័យប្រវត្តិនៅ Champions League រដូវកាលក្រោយ ខណៈរដូវកាលនេះកំពុងស្ថិតក្នុងវគ្គ ១៦ក្រុមចុងក្រោយ ខណៈជើងទី១ បានយកឈ្នះនៅទឹកដី Real Madrid ២–១៕