ការិយាល័យកិច្ចការកុងស៊ុលរបស់ចិន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី ៣ ខែកក្កដាថា ស្ថានអគ្គកុងស៊ុលរបស់ចិននៅទីក្រុងម៉ាសី (Marseille) បានត្អូញត្អែរទៅកាន់ប្រទេសបារាំង បន្ទាប់ពីរថយន្តក្រុងដែលដឹកក្រុមទេសចរណ៍ចិននៅក្នុងទីក្រុងភាគខាងត្បូងយត្រូវបានវាយប្រហារតាមបង្អួចដែលបណ្តាលឱ្យមនុស្សនៅក្នុងនោះរងរបួសស្រាល។សេចក្ដីថ្លែងការណ៍របស់ស្ថានអគ្គកុងស៊ុលរបស់ចិន បានរៀបរាប់ថា ពាក្យបណ្តឹងផ្លូវការរបស់អគ្គកុងស៊ុលបានអំពាវនាវឱ្យប្រទេសបារាំងធានាសុវត្ថិភាពរបស់ពលរដ្ឋចិន និងទ្រព្យសម្បត្តិរបស់ពួកគេ។ យោងតាមទូរទស្សន៍រដ្ឋ CCTV បានឱ្យដឹងថា រថយន្តក្រុងត្រូវបានវាយប្រហារដោយក្រុមកុប្បកម្មកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលអំពើហិង្សាដែលបានកើតឡើងនៅទីក្រុងនានារបស់បារាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចាប់តាំងពីប៉ូលិសបានបាញ់សម្លាប់ក្មេងជំទង់ជនជាតិអាហ្វ្រិកខាងជើងម្នាក់។ សេចក្ដីថ្លែងការណ៍របស់ការិយាល័យកុងស៊ុលបានឱ្យដឹងថា អ្នកទេសចរចិនបានចាកចេញពីប្រទេសបារាំងតាំងពីពេលនោះមក។
សេចក្ដីថ្លែងការណ៍របស់ការិយាល័យកុងស៊ុលបានបន្ថែមថា ពលរដ្ឋចិននៅក្នុងប្រទេសបារាំង ឬធ្វើដំណើរទៅកាន់ប្រទេសបារាំងគួរតែ ពង្រឹងការការពារ និងមានការប្រុងប្រយ័ត្នបន្ថែមទៀត ដោយសារកុបកម្មដែលបានគ្របដណ្ដប់ទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ កុបកម្មនៅទូទាំងប្រទេសបារាំងហាក់ដូចជាមិនសូវមានភាពតានតឹងទេកាលពីថ្ងៃសៅរ៍ ខណៈដែលប៉ូលិសរាប់ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងនានាទូទាំងប្រទេសបន្ទាប់ពីពិធីបុណ្យសពរបស់ក្មេងជំទង់នោះ ទោះបីជាមានភាពតានតឹងខ្លះនៅកណ្តាលទីក្រុងប៉ារីស និងការប៉ះទង្គិចគ្នាជាបណ្តើរៗនៅទីក្រុង Nice, Strasbourg និង ម៉ាសី ក៏ដោយ។
ទន្ទឹមនឹងនោះ អធិការបតីអាល្លឺម៉ង់ លោក អូឡាវ ស្កុល (Olaf Scholz) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអាល្លឺម៉ង់កំពុងឃ្លាំមើលភាពចលាចលនៅក្នុងប្រទេសបារាំងដោយក្ដីបារម្ភ។ លោក ស្កុល ក្នុងបទសម្ភាសជាមួយទូរទស្សន៍ ARD របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ខណៈពេលដែលកំពុងឃ្លាំមើលដោយក្ដីបារម្ភ លោកមានទំនុកចិត្តថា មេដឹកនាំបារាំង នឹងធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ដោយជោគជ័យ។ លោកបានបន្ថែមថា៖«ខ្ញុំមិនរំពឹងថាប្រទេសបារាំងនឹងក្លាយទៅជាអស្ថិរភាពនោះទេ ទោះបីជារូបភាពពិតជាគួរឱ្យសោកសៅខ្លាំងក៏ដោយ»។ប៉ូលិសប្រហែល៤៥០០០នាក់ ព្រមទាំងអង្គភាពវរជនពិសេស រថពាសដែក និងឧទ្ធម្ភាគចក្រត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ដើម្បីពង្រឹងទីក្រុងធំៗចំនួនបីរបសប្រទេដបារាំង ពោលគឺទីក្រុងប៉ារីស លីយ៉ុង និងម៉ាសី។ នៅម៉ោង១ៈ៤៥នាទីរសៀលថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ស្ថានការណ៍បានស្ងប់ស្ងាត់ជាង៤យប់មុន បើទោះបីជាមានភាពតានតឹងខ្លះនៅកណ្តាលទីក្រុងប៉ារីស និងការប៉ះទង្គិចគ្នាជាបណ្តើរៗនៅក្នុងទីក្រុងម៉ាសី ទីក្រុងនីស និងទីក្រុង Strasbourg ក៏ដោយ។ ភាពតានតឹងបានកើតឡើងទីក្រុងម៉ាសី ដោយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រឈមមុខជាមួយក្រុមយុវជននៅកណ្តាលទីក្រុងនៅពេលយប់ជ្រៅ។ ដោយឡែក នៅទីក្រុងប៉ារីស ប៉ូលិសបានបង្កើនសន្តិសុខនៅមហាវិថីវិមានអេលីហ្សេ បន្ទាប់ពីមានការអំពាវនាវលើប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យមានការប្រមូលផ្តុំនៅទីនោះ។ ក្រសួងមហាផ្ទៃបានឱ្យដឹងថា មនុស្សចំនួន១៣១១នាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រ ធៀបនឹងចំនួន ៨៧៥នាក់កាលពីមួយយប់មុន បើទោះបីជាបានអះអាងថា អំពើហិង្សាមានកម្រិតទាបជាងមុនក៏ដោយ។ បន្ថែមលើនោះ ប៉ូលិសបានឱ្យដឹងថា មនុស្សជិត២០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍។ យ៉ាងណាក្ដី អាជ្ញាធរមូលដ្ឋានទូទាំងប្រទេសបានប្រកាសហាមឃាត់ការធ្វើបាតុកម្ម បញ្ជាការដឹកជញ្ជូនសាធារណៈឱ្យឈប់ដំណើរការនៅពេលល្ងាច ខណៈអាជ្ញាធរតំបន់មួយចំនួនទៀតបានដាក់ចេញនូវបម្រាមគោចរពេញមួយយប់។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអេល ម៉ាក្រុង (Emmanuel Macron) បានពន្យារពេលដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ដើម្បីដោះស្រាយវិបត្តិដ៏អាក្រក់បំផុតក្នុងអំលុងការដឹកនាំរបស់ខ្លួន ចាប់តាំងពីបាតុកម្មអាវកាក់ពណ៌លឿង បានបង្កឱ្យមានភាពតានតឹងក្នុងប្រទេសបារាំងនៅចុងឆ្នាំ២០១៨។ ភាពចលាចល ដែលជាការបំផ្លិចបំផ្លាញដល់មុខមាត់របស់ប្រទេសបារាំងក្នុងឆាកអន្តរជាតិ មួយឆ្នាំមុនការប្រារព្ធកីឡាអូឡាំពិក នឹងបន្ថែមសម្ពាធនយោបាយថ្មីមួយទៀតលើលោក ម៉ាក្រុង ខណដែលលោកបានប្រឈមមុខនឹងការខឹងសម្បារជាច្រើនខែរួចមកហើយ ពាក់ព័ន្ធនឹងការបង្កើនអាយុចូលនិវត្តន៍របស់ប្រជាជនបារាំង៕