
ព្យុះសង្ឃរា Milton ដែលបានបោកបក់នៅរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិកបានបង្កឲ្យពលរដ្ឋអាម៉េរិកជិត៣លាននាក់រស់នៅដោយគ្មានថាមពលអគ្គិសនី និងបង្កជាទឹកជំនន់ ហើយបានសម្លាប់មនុស្សមួយចំនួន។ លើពីនេះ ព្យុះសង្ឃរានេះ ក៏បានបំផ្លាញដល់សេដ្ឋកិច្ចផងដែរ ក្នុងនោះគ្រាន់តែសេវាធានារ៉ាប់រង ត្រូវបានអ្នកវិភាគអះអាងថា អាចខូចខាតរហូតដល់ទៅ១០០ពាន់លានដុល្លារអាម៉េរិកឯណោះ។
កម្រិត៣បានបោកបក់មកលើតំបន់មួយចំនួនក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធ ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុង១ម៉ោង ដែលបណ្តាលឲ្យពលរដ្ឋអាម៉េរិកនៅក្នុងរដ្ឋនេះជិត៣លាននាក់រស់នៅដោយគ្មានថាមពលអគ្គិសនីប្រើប្រាស់ បង្កជាគ្រោះបាក់ដី ទឹកជំនន់ និងឆក់យកអាយុជីវិតមនុស្សមួយចំនួនផងដែរ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ដោយសារតែព្យុះសង្ឃរានេះ អាជ្ញាធរនៅក្នុងរដ្ឋនេះបានជូនដំណឹងឲ្យពលរដ្ឋជម្លៀសខ្លួនចេញពីលំនៅឋានរហូតដល់ទៅ៧,២លាននាក់ ហើយយន្តហោះសរុប១ ៩០០ជើងត្រូវបានលុបចោល ហើយស្ថានីយប្រេងឥន្ធនៈជាង៦០%នៅទូទាំងរដ្ឋត្រូវបង្ខំចិត្តបិទប្រតិបត្តិការ។
ក្រុមអ្នកវិភាគបាននិយាយថា ព្យុះសង្ឃរា Milton នេះ អាចបណ្តាលឱ្យមានការខាតបង់រហូតដល់១00 ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មធានារ៉ាប់រងពិភពលោក។ អ្នកវិភាគនៅក្រុមហ៊ុន Morningstar DBRS បាននិយាយថា ការខាតបង់ដោយសារព្យុះសង្ឃរា Milton អាចមានទំហំកាន់តែធំថែមទៀត ប្រសិនបើខ្យល់ព្យុះនេះបោកបក់ដោយផ្ទាល់នៅតំបន់ Tampa ដែលមានប្រជាជនរស់នៅច្រើន។
អ្នកវិភាគនៅក្រុមហ៊ុន S&P បានកត់សម្គាល់កាលពីថ្ងៃពុធថា វិសាលភាពនៃការខូចខាត នៅមិនទាន់ប្រាកដប្រជានៅឡើយទេ វាអាចតិចហើយវាក៏អាចច្រើនជាង១០០ពាន់លានដុល្លារ។ មកដល់ពេលនេះកំណើននៃគ្រោះធម្មជាតិដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុកំពុងធ្វើឲ្យវិស័យធានារ៉ាប់រងស្ថិតនៅក្នុងកម្រិតហានិភ័យកាន់តែខ្ពស់៕