(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៨ ដើម្បីឱ្យសិក្ខាកាម និងសិស្ស ដែលរៀនជំនាញវិជ្ជាជីវៈនានា បានទៅហាត់ការ និងធ្វើកម្មសិក្សា ជាពិសេសដើម្បីលើកកម្ពស់ដល់ការបណ្តុះបណ្តាលជំនាញឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយចប់ពិធីចុះអនុស្សរណៈយោគយល់គ្នា បានមានប្រសាសន៍ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជំនាញ បង្កើនជំនាញ ក៏ដូចជាផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ឯកឧត្តម បានបន្តថា លើសពីនេះថែមទៀត នឹងបើកផ្លូវឱ្យមានការហាត់ការសម្រាប់អ្នកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យមានសមត្ថភាពជាក់លាក់ដើម្បីអាចក្លាយជាកម្លាំងពលកម្មដ៏មានសក្តានុពលក្នុងសង្វាក់ការងារ ដោយសារតែជាការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តក្នុងការចូលរួមចំណែកជួយកសាង អភិវឌ្ឍន៍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។
ជាមួយគ្នានេះ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា (CCA) និងប្រធានសមាគមនិយោជកក្នុងអង្គពិធីនេះ បានសម្តែងការគាំទ្រ និងទទួលស្គាល់ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ លើការជំរុញកម្លាំងធនធានមនុស្សក្នុងស្រុកឲ្យមានជំនាញត្រឹមត្រូវ ពិតប្រាកដ ដើម្បីអាចបំពេញការងារហើយបានប្រាក់ខែសមស្របសម្រាប់ចិញ្ចឹមក្រុមគ្រួសារ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។
សូមជម្រាបថា តំណាងវិស័យឯកជនចំនួន ១៨សមាគម ដែលត្រូវបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានដូចជា សភាពាណិជ្ជកម្ម , សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា, សមាគមវាយនភណ្ឌសម្លៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ ,សមាគមអ្នកសាសង់កម្ពុជា , សមាគមទេសចរណ៍ , សហព័ន្ធចុងភៅកម្ពុជា និងសមាគមសហគ្រិនស្រ្តីកម្ពុជាជាដើម។ ការចុះ MOU នេះដែរ គឺធ្វើឡើងនៅមុនពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើ ដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក៕