លោក Elon Musk បានប្រាប់ធនាគារនានាដែលយល់ព្រមជួយផ្តល់មូលនិធិចំនួន 44 ពាន់លានដុល្លាររបស់គាត់ ក្នុងការទិញយក Twitter Inc (TWTR.N)ដោយលោក នឹងបង្កើតវិធីថ្មីដើម្បីរកប្រាក់ពី tweets នេះបើតាមសារព័ត៌មាន(Reuters) ចុះផ្សាយ ថ្ងៃទី 28 ខែមេសា ។
លោក Musk ក៏បានចង្អុលបង្ហាញពីប្រាក់ចំណេញដុលរបស់ Twitter ដែលទាបជាងដៃគូរដូចជា Meta Platform Inc (FB.O) Facebook និង Pinterest (PINS.N) ដោយហេតុផលនេះទើបលោកគិតថាTwitter Inc (TWTR.N) មានកន្លែងដែលត្រូវកែប្រែច្រើនដើម្បីដំណើរការក្រុមហ៊ុន។
Elon Musk បានប្រាប់ធនាគារថាគាត់ក៏មានគម្រោងបង្កើតលក្ខណៈពិសេសដើម្បីបង្កើនប្រាក់ចំណូលអាជីវកម្ម រួមទាំងវិធីថ្មីក្នុងការរកលុយចេញពី tweets ដែលមានព័ត៌មានសំខាន់ៗ ឬរីករាលដាល។
គំនិតដែលគាត់បានលើកឡើងរួមមាន ការគិតថ្លៃសេវា នៅពេលដែលគេហទំព័រភាគីណាមួយ ចង់ដកស្រង់អ្វីមួយចេញពី Twitter។ នៅក្នុង tweet កាលពីដើមខែនេះ Musk បានស្នើរឱ្យមានការផ្លាស់ប្តូរចំពោះសេវាកម្មជាវប្រចាំ Twitter Blue premium របស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស រួមទាំងការកាត់បន្ថយតម្លៃរបស់វា ហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងផ្តល់ជម្រើសក្នុងការទូទាត់ជា cryptocurrency dogecoin ។ សេវាកម្ម Blue Premium របស់ Twitter ឥឡូវនេះមានតម្លៃ $2.99 ក្នុងមួយខែ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc (TSLA.O) ក៏បានប្រាប់ធនាគារថា លោកនឹងស្វែងរកគោលនយោបាយសម្របសម្រួលនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានសេរីភាពតាមដែលអាចធ្វើទៅបានក្នុងដែនកំណត់ផ្លូវច្បាប់នៃយុត្តាធិការនីមួយៗដែល Twitter ដំណើរការ៕