Alynana Media Cambodia
Icon Collap
clinic narit

ប៉ាឡេស្ទីន នឹងចងចាំទុកចំពោះប្រទេសណាដែលបោះឆ្នោតប្រឆាំងលើដំណោះស្រាយ​បទឈប់បាញ់នៅ UN

Admin Alynana | Oct 30, 2023
ប៉ាឡេស្ទីន នឹងចងចាំទុកចំពោះប្រទេសណាដែលបោះឆ្នោតប្រឆាំងលើដំណោះស្រាយ​បទឈប់បាញ់នៅ UN
Clinic narith

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅអង់គ្លេសលោក Husam Zomlot បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកនឹងចងចាំទុកចំពោះប្រទេសដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងការអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ។

ថ្លែងនៅក្នុងបរិវេណសភានាទីក្រុងឡុងដ៍ ក៏ដូចជានៅមុខ​ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះករដែល​បាន​ប្រមូល​ផ្តុំ​គ្នាដើម្បីគាំទ្រពលរដ្ឋ​ប៉ាឡេស្ទីន, លោក Zomlot បាននិយាយថា “យើងមិនអាចដឹងពីឧក្រិដ្ឋកម្មណាមួយកើតឡើងនៅពេលខាងមុខនោះទេ ស្របពេលដែលឥឡូវនេះអ៊ីស្រាអែលបានសម្លាប់មនុស្សស្លូតត្រង់រាប់ពាន់នាក់ រួមទាំងកុមារ ៣,០០០ នាក់ទៅហើយ” ។

លោកឯកអគ្គរដ្ឋទូតបាននិយាយទៀតថា “អ៊ីស្រាអែលជោគជ័យខ្លាំងណាស់ក្នុងការបំផ្លាញផ្ទះសម្បែង សាលារៀន ព្រះវិហារ និងវិហារឥស្លាមរបស់យើង ។ អ៊ីស្រាអែលជោគជ័យខ្លាំងណាស់ក្នុងការកាត់ផ្តាច់ទំនាក់ទំនងនៅតំបន់ហ្គាហ្សា ប៉ុន្តែអ្នកដឹងទេថាតើមកពីមូលហេតុអ្វី? នោះគឺដោយសារតែពួកគេចង់ប្រព្រឹត្តឧក្រិដ្ឋកម្មខ្មៅងងឹត” ។

 

ពាក់ព័ន្ធទៅនឹងការបោះឆ្នោតកាលពីថ្ងៃសុក្រនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីដំណោះស្រាយដែលអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនោះ, លោក Zomlot បានបញ្ជាក់ថា អង្គការសហប្រជាជាតិបានបោះឆ្នោតឲ្យមានបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែលមិនបានយកត្រចៀកស្តាប់រឿងនេះនោះទេ ។

សេចក្តី​សម្រេច​ឲ្យមានបទឈប់បាញ់នេះត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ ១២០ សំឡេង, ​ប្រឆាំង ១៤ សំឡេង និង​អនុប្បវាទ ៤៥ សំឡេង ហើយពាក់ព័ន្ធនឹងប្រទេសទាំង ១៤ ដែលបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនោះ, លោក Zomlot បាន​សង្កត់​ធ្ងន់​ថា “យើង​នឹង​ចងចាំ​ឈ្មោះពួកគេទុក” ។

លោកឯកអគ្គរដ្ឋទូត​បញ្ជាក់ថា “សាកស្រមៃមើលការបោះឆ្នោតប្រឆាំងនឹងការការពារជីវិតជនស៊ីវិល ប្រឆាំងនឹងច្បាប់អន្តរជាតិ ។ តើនឹងមានអ្វីកើតឡើងចំពោះមនុស្សជាតិរបស់យើង? តើមានអ្វីកើតឡើងចំពោះតម្លៃរបស់យើង? តើមានអ្វីកើតឡើងចំពោះប្រព័ន្ធច្បាប់ស្មើភាពសម្រាប់យើងទាំងអស់គ្នា? ដូច្នេះជាចុងក្រោយលោកសូម​ជំរុញ​មេដឹកនាំ​ពិភពលោក​ឲ្យ​ក្រោក​ឈរ​ឡើងចំពោះ​ភាព​អយុត្តិធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនទាំងអស់” ៕