ប៉េកាំង៖ ប្រទេសចិន បានព្រមានថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ប្រសិនបើប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទទូចចង់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់។
ចិន ជំរុញឱ្យសហរដ្ឋអាមេរិក ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិសេចក្តីថ្លែងការណ៍រួមទាំងបីរវាង ចិន-អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានលើកឡើងថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ ត្រូវតែលុបចោលជាបន្ទាន់។
លោកបានលើកឡើងថា ប្រទេសចិន ប្រឆាំងនឹងទម្រង់នៃការផ្លាស់ប្តូរផ្លូវការណាមួយរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ដោយបន្ថែមថា តៃវ៉ាន់ជាផ្នែកសំខាន់មួយរបស់ចិន។ សភាអាមេរិក គួរតែគោរពយ៉ាងម៉ឺងម៉ាត់ ចំពោះគោលនយោបាយចិនតែមួយ ដែលសហរដ្ឋអាមេរិកត្រូវប្រកាន់ខ្ជាប់។
លោក ចាវ បានសង្កត់ធ្ងន់ថា ចំណាត់ការរបស់លោកស្រី Pelosi ប្រសិនបើសម្រេចបាន នោះនឹងបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ ចិនតែមួយ និងបទប្បញ្ញត្តិសេចក្តីថ្លែងការណ៍រួមទាំង៣ រវាងចិន-អាមេរិក រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ជះឥទ្ធិពលយ៉ាងធំធេងលើមូលដ្ឋាននយោបាយទំនាក់ទំនងចិន-អាមេរិក និងបញ្ជូនសញ្ញាខុសឆ្គងនៃការគាំទ្រកងកម្លាំងផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកគួរតែលុបចោលដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ភ្លាមៗ បញ្ឈប់ការផ្លាស់ប្តូរជាផ្លូវការជាមួយតៃវ៉ាន់ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ជាមួយនឹងសកម្មភាពជាក់ស្តែង៕