យាន Soyuz MS-23 ដឹកអវកាសយានិកអាមេរិកឈ្មោះ Frank Rubio របស់អង្គការណាសា និងអវកាសយានិករុស្ស៊ីពីរនាក់ទៀត បានត្រឡប់មកផែនដីវិញហើយ។
ពួកគេបានចំណាយពេល៣៧១ថ្ងៃនៅក្នុងទីអវកាស ដោយលោក Rubio បានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ការហោះហើរអវកាសបន្តវែងបំផុតដោយជនជាតិអាមេរិក។ បេសកកម្មនេះ ជាការធ្វើដំណើរអវកាសដំបូងរបស់លោក Rubio ហើយបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០២២។
បេសកកម្មរបស់លោក Rubio នៅលើស្ថានីយអវកាសអន្តរជាតិ រួមមានការសាកល្បងការថែសួនក្នុងលំហ សាកល្បងរបបអាហារលំហដែលសម្បូរសារធាតុចិញ្ចឹម និងប្រើប្រាស់ម៉ាស៊ីន 3D ក្នុងការតឆ្អឹងខ្ចីជង្គង់ផងដែរ។
ការត្រឡប់មកផែនដីវិញរបស់លោក រួមជាមួយនឹងអវកាសយានិករុស្ស៊ី លោក Sergey Prokopyev និងលោក Dmitry Petelin គឺបានយឺតយ៉ាវរយៈពេលប្រាំមួយខែ ដោយសារតែយានអវកាសដំបូងរបស់ពួកគេបានលេចធ្លាយ ដូច្នេះត្រូវតែបញ្ជូនអ្នកជំនួស ដើម្បីយកពួកគេមកផែនដីវិញផងដែរ៕