ភ្នំពេញៈ វិបត្តិសេដ្ឋកិច្ច និងនយោបាយសកលដែលបានអូសបន្លាយពេលប៉ុន្មានឆ្នាំមកនេះ គឺបានបន្តជះឥទ្ធិពលជាបន្តបន្ទាប់ទៅលើគ្រប់សកម្មភាពសេដ្ឋកិច្ចនៅគ្រប់ប្រទេសលើពិភពលោក ជាក់ស្តែងក្នុងខែសីហា ឆ្នាំ ២០២៣ អត្រាអតិផរណានៅកម្ពុជាបានកើនប្រមាណជាង ៣ ភាគរយ។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា (NBC)។
តារាងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ប្រចាំខែសីហា ឆ្នាំ ២០២៣ របស់ NBC ឱ្យដឹងថា ក្នុងខែសីហា ឆ្នាំ ២០២៣ អត្រាអតិផរណា មានកម្រិត ៣,២ ភាគរយ ដោយកើនខ្ពស់ជាងខែកក្កដា ឆ្នាំ ២០២៣ ដែលមាន ១,៩ ភាគរយ។ មូលហេតុចម្បងដែលបណ្តាលឱ្យអត្រាអតិផរណាក្នុងខែសីហា កើនឡើង គឺការកើនឡើងថ្លៃនៃក្រុមទំនិញម្ហូបអាហារ។ ទន្ទឹមនឹងនេះអតិផរណាស្នូល(មិនរាប់បញ្ចូលថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ) និងអតិផរណាមិនរាប់បញ្ចូលប្រេងឥន្ធនៈ មានអត្រា ២,៦ ភាគរយ (ខែកក្កដា ១,៦ ភាគរយ) និង ៣,៦ ភាគរយ (ខែកក្កដា ២,៥ ភាគរយ)។
បើយោងតាម NBC អតិផរណាតាមក្រុមមុខទំនិញសំខាន់ៗក្នុងខែសីហា រួមមាន អាហារ និងភេសជ្ជៈមិនមានជាតិស្រវឹង ៤,២ ភាគរយ (ខែកក្កដា ៣,១ ភាគរយ), ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ ៣,៣ ភាគរយ (២,៤ ភាគរយ), សម្លៀកបំពាក់ និងស្បែកជើង ៤,២ ភាគរយ (៣,៤ ភាគរយ), ផ្ទះ ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត ១,៩ ភាគរយ (០,៥ ភាគរយ), គ្រឿងសង្ហារិម សម្ភារប្រើប្រាស់គ្រួសារ និងការថែទាំផ្ទះជាប្រចាំ ១,៧ ភាគរយ (១,៤ ភាគរយ), សុខាភិបាល ១,៦ ភាគរយ (០,៩ ភាគរយ), ការដឹកជញ្ជូន ០,២ ភាគរយ (៣,២ ភាគរយ), គមនាគមន៍ ០,៤ ភាគរយ (០,២ ភាគរយ), ការកម្សាន្ត និងវប្បធម៌ ៣,៩ ភាគរយ (៣,២ ភាគរយ), ការសិក្សា ២ ភាគរយ (២ ភាគរយ), ភោជនីយដ្ឋាន ២,៩ ភាគរយ (០,៥ ភាគរយ), និងទំនិញ និងសេវាកម្មផ្សេងៗ ៣ ភាគរយ (២,៣ភាគរយ)។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់សារព័ត៌មាននៅថ្ងៃទី ១៩ ខែតុលាថា ជាទូទៅនៅពេលអត្រាអតិផរណាកើនឡើងខ្ពស់ (តម្លៃទំនិញកើនឡើង) គឺវាមិនផ្តល់ផលវិជ្ជមានអ្វីសម្រាប់ម៉ាក្រូសេដ្ឋកិច្ចឡើយ ដោយវានឹងបង្កឱ្យមានផលប៉ះពាល់ច្រើន ពិសេសអ្នកមានចំណូលទាប និងចំណូលថេរ ព្រោះបន្ទុកចំណាយរបស់ពួកគេនឹងកើនឡើង។ ការកើនឡើងបន្ទុកចំណាយ នឹងធ្វើឱ្យប៉ះពាល់ការចំណាយប្រចាំថ្ងៃ ព្រមទាំងប្រាក់សន្សំបុគ្គល និងគ្រួសារ។ លោកបន្តថា នៅពេលសេដ្ឋកិច្ច និងសង្គមមានបញ្ហា អត្រាអតិផរណានឹងកើនឡើង។
លោកបញ្ជាក់ថា៖ «បញ្ហាអតិផរណាដែលកើនឡើងជាបន្តបន្ទាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមកពីបុព្វហេតុច្រើនយ៉ាងដូចជា ការលេចឡើងនៃវត្តមានជំងឺកូវីដ ១៩ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលជំរុញឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការកាត់ផ្តាច់ចង្វាក់ផ្គត់ផ្គង់សកល ដែលនាំឱ្យមានសម្ពាធលើអត្រាប្តូរប្រាក់ ជាដើម»។
ខណៈស្ថានភាពនយោបាយពិភពលោកបច្ចុប្បន្នមានភាពមិនប្រាកដប្រជា លោក វណ្ណៈ និយាយថា គេពិបាកនឹងសន្និដ្ឋានពីកំណើនសេដ្ឋកិច្ចពិភពលោក និងអត្រាអតិផរណានាពេលខាងមុខ។
យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អតិផរណាមធ្យមប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៣ គឺមានអត្រា ១,៩ ភាគរយ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ ២០២២។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងខែតុលា នេះ បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ ២០២៣ នឹងសម្រេចបានអត្រា ៥,៦ ភាគរយ និងឆ្នាំ ២០២៤ មានអត្រា ៦,១ ភាគរយ។ ការព្យាកររបស់ IMF គឺខ្ពស់ជាងការព្យាករកាលពីថ្ងៃទី ២ ខែតុលា របស់ធនាគារពិភពលោកដែលថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករក្នុងអត្រា ៥,៥ ភាគរយក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ត្រូវនឹងមានអត្រា ៦,១ ភាគរយ៕