(អេហ្ស៊ីប)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២២ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមធ្វើបទអន្តរាគមន៍ ក្នុងវេទិការស្តីពី «NDC implementation in Asia: South-Southeast Learning and Launching of CACCI-ASIA» ដែលរៀបចំសហការដោយ NDC Partnership USAID IFPRI និងប្រទេស Tajikistan ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរចំណេះដឹងក្នុងថ្នាក់តំបន់ និងកំណត់ពីកម្មភាពអាទិភាពដើម្បីកៀរគរការគាំទ្រហិរញ្ញប្បទានដោះស្រាយការប្រែប្រួលអាកាសធាតុ។ ក្នុងបទអន្តរាគមន៍នេះ លោកបណ្ឌិត ហាក់ ម៉ៅ បានចែករំលែកបទពិសោធន៍នៅកម្ពុជាអំពីការរៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយជាតិមួយចំនួនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលរួមបញ្ចូលការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងផ្នែកបន្សុំា ជាពិសេស ផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន(LTS4CN) ដែលបានដាក់ជូនUNFCCC កាល់ពីចុងឆ្នាំ២០២១ និងការរៀបចំ INDC and Updated NDC ព្រមទាំងបានរៀបចំនូវប្រព័ន្ធតាមដានការអនុវត្ត NDC ផងដែរ។ លោកបណ្ឌិត បានបញ្ជាក់ថាដើម្បីសម្រេចបាននូវគោលដៅទាំងនេះ កម្ពុជាត្រូវការហិរញ្ញប្បទាន ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការចូលរួមសហការពីស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជនជាដើម។ លោកបណ្ឌិតបញ្ជាក់បន្ថែមថាការរៀបចំគោនយោបាយ និងផែនការយុទ្ធសាស្ត្រទាំងនេះ បានជោគជ័យអាស្រ័យទៅលើឆន្ទះនយោបាយ សុខសន្តិភាព សមត្ថភាពជំនាញ ធនធាន និងការចូលរួមគាំទ្រ។ លោកបន្ថែមថា រួមគ្នាយើងជោគជ័យ ឯកតោគាគី យើងនឹងបរាជ័យលើការប្រយុទ្ធប្រឆាំងនឹងបញ្ហាអាកាសធាតុ៕