Alynana Media Cambodia
Icon Collap
clinic narit

លោក Netanyahu ប្រាប់ទីភ្នាក់ងារចារកម្ម អ៊ីស្រាអែល ឲ្យកម្ចាត់មេដឹកនាំ​ក្រុមហាម៉ាសនៅគ្រប់ទីកន្លែងទាំងអស់

Admin Alynana | Nov 23, 2023
លោក Netanyahu ប្រាប់ទីភ្នាក់ងារចារកម្ម អ៊ីស្រាអែល ឲ្យកម្ចាត់មេដឹកនាំ​ក្រុមហាម៉ាសនៅគ្រប់ទីកន្លែងទាំងអស់
Clinic narith

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធបានណែនាំទៅដល់ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad ឲ្យធ្វើសកម្មភាពប្រឆាំង និងកម្ចាត់មេដឹកនាំនៃក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសគ្រប់ទីកន្លែងទាំងអស់នៅជុំវិញពិភពលោក ។

ទោះយ៉ាងណា ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីរូបនេះត្រូវបានគេមើលឃើញថា កំពុងប្រឆាំងនឹងវាំងនននៃកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ពាក់ព័ន្ធការដោះលែងចំណាប់ខ្មាំង ក៏ដូចជាបទឈប់បាញ់បណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា បើទោះជាមានការសម្របសម្រួលពីសំណាក់ប្រទេសកាតា និងអេហ្ស៊ីបក៏ដោយ ។

អ៊ីស្រាអែល និងក្រុមហាម៉ាសបញ្ជាក់កាលពីថ្ងៃពុធថា បានយល់ព្រមលើបទឈប់បាញ់នៅតំបន់ហ្គាហ្សារយៈពេល ៤ ថ្ងៃ រួមជាមួយនឹងការបញ្ឈប់អរិភាពទាំងអស់ ក៏ដូចជាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៥០ នាក់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ១៥០ នាក់ ។

ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

ចំណែកខាងក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាវិញបានឲ្យដឹងថា ចាប់តាំងពីប្រតិបត្តិការវាយបករបស់អ៊ីស្រាអែលនៅពេលនោះមក ជនស៊ីវិលលើស ១៤,៥០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៥,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រភព ៖ Sputnik