Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន​រថយន្ត​អគ្គិសនីចិន NIO ​ខាតជាង៨៣០លានដុល្លារ នៅត្រីមាសទី២

Media LNN | Sep 04, 2023
ក្រុមហ៊ុន​រថយន្ត​អគ្គិសនីចិន NIO ​ខាតជាង៨៣០លានដុល្លារ នៅត្រីមាសទី២
Clinic narith

NIO ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិនត្រូវបានគេស្គាល់ជាជាគូប្រជែងជាមួយក្រុមហ៊ុន​Tesla បានកត់ត្រាការខាតបង់ជាង ៨៣០លានដុល្លារនៅត្រីមាសទីពីរ។ ទំហំនៃការខាតបង់នេះ ស្មើនឹងពីរដងធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការចែកចាយរថយន្តបានថយចុះ។

នៅថ្ងៃទី២៩ ខែសីហា ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់ចិន NIO បានកត់ត្រាការខាតបង់សុទ្ធនៅត្រីមាសទីពីរចំនួន ៦,០៦ពាន់លានយ័ន (៨៣១លានដុល្លារ)។ តួលេខនេះមានទំហំធំជាងការព្យាកររបស់អ្នកវិភាគដែលមានចំនួន ៤,៧៣ពាន់លានយ័ន ហើយស្មើនឹងទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ចំណូលបានធ្លាក់ចុះ ១៤,៨ភាគរយមកនៅត្រឹម ៨,៧៧ពាន់លានយ័ន (១,២ពាន់លានដុល្លារ)។ ចំនួន​រថយន្តដែលបានលក់ចេញថយ​ចុះ ៦ភាគរយមាន​ត្រឹមតែ ២៣ ៥២០​គ្រឿង ដែលនេះជាកម្រិតទាបបំផុតរបស់ក្រុមហ៊ុន NIO ។

ក្រុមហ៊ុន NIO ត្រូវបានគេហៅថាជាគូបដិបក្ខជាមួយក្រុមហ៊ុន Tesla របស់អាម៉េរិក នៅពេលដែលចេញលក់រថយន្តប្រភេទ SUV ក្នុងឆ្នាំ ២០១៧ ជាមួយនឹងការរចនាដ៏ស្រស់ស្អាត អេក្រង់ធំ និងមុខងារបញ្ជាដោយសំលេង ប៉ុន្តែមានតម្លៃត្រឹមតែពាក់កណ្តាលនៃរថយន្ត Tesla Model X ប៉ុណ្ណោះ។ NIO គឺ​ជា​ក្រុមហ៊ុន​ចាប់​ផ្តើមផលិត​រថយន្ត​អគ្គិសនី​ដែល​ទទួល​បាន​ការ​កោត​សរសើរ​បំផុត​មួយនៅក្នុងប្រទេស​ចិន។ យ៉ាងណាមិញ ក្រុមហ៊ុននេះបានប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក។

នៅដើមឆ្នាំនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ NIO បាននិយាយថា ក្រុមហ៊ុនមានទំនុកចិត្តយ៉ាងខ្លាំងថាការលក់រថយន្តនៅឆ្នាំនេះនឹងកើនឡើងទ្វេដងរហូតដល់ ២៥០ពាន់គ្រឿង។ ប៉ុន្តែនៅក្នុងពីរត្រីមាសដំបូង Nio ចែកចាយរថយន្តបានតែ ៥៤ ៥៦១គ្រឿងប៉ុណ្ណោះ ដែលស្មើនឹងជាង ២០ភាគរយនៃគោលដៅឆ្នាំនេះ។

ចំណែកកាលពីឆ្នាំមុន ក្រុមហ៊ុន NIO មិនបានសម្រេចការចែកចាយរថយន្តតាមគោលដៅកំណត់នោះទេ ហើយត្រូវពន្យារពេលការវិនិយោគលើទ្រព្យសកម្មថេរ ពន្យារពេលគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ និងត្រូវប្រុងប្រយ័ត្នបន្ថែមទៀតនូវការពង្រីកទៅក្រៅប្រទេស។

តួលេខប្រាក់ចំណូល និងប្រាក់ចំណេញរបស់ Nio កំពុងបង្កើនការព្រួយបារម្ភអំពីអនាគតរបស់ក្រុមហ៊ុន។ ប៉ុន្តែតួលេខថ្មីៗបង្ហាញពីភាពប្រសើរឡើងខ្លះមួយចំនួន បន្ទាប់ពី Nio កាលពីខែមុនបានចែកចាយរថយន្តចំនួន ២០ ៤៦២គ្រឿងក្រោយបញ្ចុះតម្លៃ។ 

ទន្ទឹមនេះ ក្រុមហ៊ុន Nio ក៏​បាន​បញ្ចេញ​ម៉ូដែល​ថ្មី​ដល់ទៅពីរ​ត្រឹមតែរយៈពេល​​មួយ​ខែ។ រថយន្ត​ជាង ១០ ០០០គ្រឿង​ដែល​បាន​លក់ចេញ​ក្នុង​ខែ​កក្កដា​ គឺ​ជា​ម៉ូដែល ES6 ដែល​បានដាក់​លក់​នៅ​ចុង​ខែ​ឧសភា។

នាយកប្រតិបត្តិ Nio លោក William Li ព្យាករថា កំណើននៃការលក់រថយន្តដ៏រឹងមាំនៅពាក់កណ្តាលឆ្នាំនេះនឹងកើនខ្ពស់ ដោយសារការកែលម្អផលិតផល ប្រព័ន្ធអគ្គិសនី និងសមត្ថភាពលក់។ ក្រុមហ៊ុនគ្រោងនឹងចែកចាយរថយន្តចំនួន ៥៥ ០០០គ្រឿដល់ ៥៧ ០០០គ្រឿងក្នុងត្រីមាសទី៣ ៕