Alynana Media Cambodia
Icon Collap
clinic narit

របាយការណ៍OECD៖ សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹម៣,១%នៅឆ្នាំនេះ

Admin Alynana | Nov 24, 2022
របាយការណ៍OECD៖ សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹម៣,១%នៅឆ្នាំនេះ
Clinic narith

អត្រាការប្រាក់គោលកើនខ្ពស់ ការដាក់ទណ្ឌកម្ម អតិផរណាកើនឡើង និងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នាំឱ្យសេដ្ឋកិច្ចពិភពលោកត្រូវបានស្ថាប័ន្ធអន្តរជាតិជាច្រើន រំពឹងថានឹងមានកំណើនតិចតួចបំផុតនៅឆ្នាំនេះបើធៀបនឹងឆ្នាំមុន ហើយនៅឆ្នាំ២០២៣នឹងរឹតតែមានកំណើនតិចខ្លាំងជាងនេះទៀត។

តួយ៉ាង តាមការព្យាករណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ហៅកាតថា OECD នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចសាកល​នឹងមានកំណើនត្រឹមតែ ៣,១% ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះជិតពាក់កណ្ដាល បើធៀបនឹងកំណើន​ដែលសម្រេចបាន​កាលពីឆ្នាំ២០២១។

​ការ​ព្យាករ​ដ៏អាក្រក់មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ​ដោយ​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំងមួ OECD បង្ហាញថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹមតែ៣,១%ប៉ុណ្ណោះនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីកំណើន ៥,៩%ដែលធ្លាប់មានកាលពីឆ្នាំ២០២១។ នៅឆ្នាំក្រោយ OECD ព្យាករណ៍ថាសេដ្ឋកិច្ចសកលនឹងកាន់តែអាក្រក់ទៅៗ​ ពោលគឺនឹងអាចមានកើនឡើងត្រឹមតែ ២,២%ប៉ុណ្ណោះ។

អគ្គលេខាធិការ OECD លោក ម៉ាទីស ខមែន(Mathias Cormann) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជាការពិតហើយ ដែលយើងមិនបានព្យាករថា សេដ្ឋកិច្ចសកលនឹងធ្លាក់ក្នុងវិបត្តិ។ ក៏ប៉ុន្តែនេះ គឺជាទស្សនវិស័យដ៏អាក្រក់បំផុត ហើយលោកមិនគិតថា មានអ្នកណាដែលពេញចិត្តនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក ២,២% នៅឆ្នាំក្រោយនេះនោះឡើយ។

លោក ខមែន គូសបង្ហាញទៀតថា អតិផរណាកាន់តែធ្ងន់ធ្ងរ​ឡើងដោយតម្លៃថាមពលខ្ពស់ បានក្លាយទៅជាមូលដ្ឋានចម្បង​ប៉ះពាល់ដល់សេដ្ឋកិច្ចសកល ខណៈពេលដែលប្រាក់ចំណូលនៅតាមគ្រួសារជាច្រើនបានធ្លាក់ចុះ បើទោះបីជា មានវិធានការគាំទ្រ ដែលរដ្ឋាភិបាលជាច្រើនបាននិងកំពុងដាក់ចេញ​ក៏ដោយ។

ក្រៅតែពីបានព្យាការណ៍សេដ្ឋកិច្ចសកលស្ថាប័ន OECD បានព្យាករសេដ្ឋកិច្ចមហាអំណាចលេខ១ពិភពលោក គឺអាមេរិក ដោយបានកាត់បន្ថយអស់ច្រើនជាងពាក់កណ្តាល ធៀបនឹងអ្វីដែលបានព្យាករកាលពីមុន។ នៅក្នុងការព្យាករចុងក្រោយរបស់ខ្លួន OECD ប៉ាន់ស្មានថា វិធានការរបស់ធនាគារកណ្តាលអាមេរិកក្នុងការទប់ទល់នឹងអតិផរណាជាមួយនឹងការដំឡើងអត្រាការប្រាក់ខ្ពស់ ជាក់ស្តែង គេបានដំឡើង៦ដងទៅហើយនៅឆ្នាំនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះជិតដល់កម្រិតទាបបំផុតមួយ។ OECD រំពឹងថាសហរដ្ឋអាមេរិកដែលជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក​នឹងមានកំណើនត្រឹមតែ ១,៨%នៅឆ្នាំនេះ ធ្លាក់ចុះយ៉ាងខ្លាំងពី ៥,៩%កាលពីឆ្នាំ២០២១។​ ទន្ទឹមនោះ OECD ប៉ាន់ស្មានថា សេដ្ឋកិច្ចអាមេរិកកើនតែ ០,៥%ប៉ុណ្ណោះ នៅឆ្នាំ២០២៣ និង១%នៅឆ្នាំ២០២៤ ។

ដោយឡែក ការព្យាករណ៍របស់ OECD សម្រាប់ប្រទេសអឺរ៉ុបទាំង១៩ ជាតំបន់ចាយលុយអឺរ៉ូ ហើយដែលកំពុងស៊ូទ្រាំរងគ្រោះពីវិបត្តិថាមពល គឺស្ទើរតែងងឹងសូន្យ។ អង្គការនេះរំពឹងថា តំបន់ចាយប្រាក់អឺរ៉ូនឹងគ្រប់គ្រងកំណើនបានត្រឹមតែ ០,៥% នៅឆ្នាំនេះ នឹងឆ្នាំក្រោយ មុនពេលបង្កើនល្បឿនបន្តិច​ដល់ ១,៤%នៅឆ្នាំ២០២៤។

សូមជម្រាបថា មានតែតំបន់អាស៊ីទេ ដែល OECD ផ្តល់ការព្យាករភ្លឺស្វាងជាងគេនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន។ អង្គការមួយនេះអះអាងថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំក្រោយ គឺភាគច្រើនបានពីការរុញច្រាន ពីបណ្តាប្រទេសមានទីផ្សារកំពុងរីកចម្រើននៃតំបន់អាស៊ី។ ជាមួយគ្នានេះ គេបានប៉ាន់ប្រមាណថា អាស៊ីនឹងតំណាង​ឱ្យ​៣ភាគ៤ នៃកំណើនសេដ្ឋកិច្ចពិភពលោកសរុប​នៅឆ្នាំក្រោយ។ ជាឧទាហរណ៍ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦,៦%នៅឆ្នាំនេះ និង ៥,៧%នៅឆ្នាំក្រោយ។

ដោយឡែក សេដ្ឋកិច្ចរបស់ប្រទេសចិនអាចកើនឡើង៣,៣%នៅឆ្នាំនេះ និង៤,៦% នៅឆ្នាំ ២០២៣។ សេដ្ឋកិច្ចធំទីពីរ​របស់ពិភពលោកមួយនេះ ត្រូវបានរំខាន​ដោយភាពចុះទន់ខ្សោយនៅក្នុងទីផ្សារអចលនទ្រព្យ បំណុលខ្ពស់ និងវិធានការកូវីដស្មើសូន្យ ដែលជាគោលនយោបាយ មួយរំខានដល់ពាណិជ្ជកម្មយ៉ាងខ្លាំង៕