បរទេសៈ តម្លៃប្រេងបានហក់ឡើងខ្ពស់ជាង១$ក្នុងមួយបារ៉ែល នៅថ្ងៃច័ន្ទនេះ។ អ្នកវិនិយោគកំពុងរងចាំមើលលទ្ធផលនៃការប្រជុំ OPEC+ នៅពេលរសៀលថ្ងៃដដែលនេះ ថានឹងអាចមានការប្រែប្រួលលើការផលិត និងតម្លៃដែរឬទេ។
តម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent crude តម្លៃប្រេងបានកើនឡើង ១.៥ភាគរយ ស្មើនឹង ១.៤៣$ នាំឲ្យតម្លៃប្រេងសរុបកើនដល់ ៩៤.៤៥ដុល្លារអាមេរិក ក្នុងមួយ បារ៉េល ត្រឹមម៉ោង ០០.៥៤ GMT ។
ចំណែកតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក U.S. West Texas Intermediate បានកើន ១.៤ភាគរយ ស្មើនឹង ១.២៥$ ដែលនាំឲ្យថ្លៃប្រេងសរុបឡើងដល់ ៨៨.១២ ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា តម្លៃប្រេងបានធ្លាក់ចុះរយៈពេល៣ខែជាប់គ្នាចុងក្រោយនេះ បន្ទាប់ពីវាបានឡើងខ្ពស់យ៉ាងខ្លាំងកាលពីខែមីនា។ ដោយក្តីបារម្ភចំពោះការកើនឡើងនៃអត្រាការប្រាក់ និងការរលកថ្មីនៃកូវីដ-១៩ នៅតំបន់មួយចំនួននៃប្រទេសចិន ក្រុមប្រទេសអ្នកនាំចូលប្រេងធំៗ នឹងអាចធ្វើការបន្ថយល្បឿននៃការលូតលាស់នៃសេដ្ឋកិច្ចពិភពលោក ព្រមទាំងបន្ថយល្បឿននៃកំនើនតម្រូវការប្រេង។
ហេតុដូចនេះ នៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃច័ន្ទនេះ ក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ពួកគេ ហៅកាត់ថា OPEC+ នឹងអាចសម្រេចនូវគោលការណ៍មួយចំនួនដូចជា ការរក្សានូវបរិមាណនៃការផលិតប្រេង ឬ ក៏អាចកាត់បន្ថយបរិមាននៃការផលិត ដោយការផ្គត់ផ្គង់នៅរក្សាឲ្យបានរឹងមាំ។