(ប៉ារីស)៖ ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងនៅថ្ងៃអង្គារថា អង្គការ OPEC+ គួរតែគិតគូរពីស្ថានភាព «ផុយស្រួយខ្លាំង» នៃសេដ្ឋកិច្ចពិភពលោក នៅពេលក្រុមប្រទេសនេះពិភាក្សាអំពីការកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅបន្ថែមទៀតក្នុងអំឡុងពេលកិច្ចប្រជុំនាពេលខាងមុខរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់នាយកប្រតិបត្តិនៃទីភ្នាក់ងារ IEA លោក Fatih Birol ខណៈថ្លែងនៅក្នុងបទសម្ភាសន៍មួយថា៖ «វានឹងមានសារៈសំខាន់ខ្លាំងណាស់ដែលបណ្តាប្រទេសជាសមាជិករបស់អង្គការ OPEC + ពិចារណាអំពីស្ថានភាពសេដ្ឋកិច្ចសកលដែលផុយស្រួយខ្លាំង។ អតិថិជនសំខាន់មួយចំនួនរបស់ពួកគេ ហៀបនឹងធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចហើយ»។
លោក Birol បានថ្លែងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ក្រុមប្រទេស OPEC+ នៅចុងសប្តាហ៍នេះក៏គួរតែកត់សម្គាល់ស្ថានភាពនានានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg តម្លៃប្រេងអន្តរជាតិនៅតែឡើងខ្ពស់ ដែលធ្វើឱ្យអតិផរណាកើនឡើងខ្លាំង និងបង្កឱ្យមានការរំខានដល់សកម្មភាពសេដ្ឋកិច្ច ។ ទោះជាសម្ព័ន្ធភាព OPEC+ ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនេះ បានប្រកាសអំពីកាត់បន្ថយផលិតកម្មក្នុងខែនេះ និងខែបន្ទាប់រួចហើយក៏ដោយ ក៏លោក Birol ចង់ឱ្យក្រុមប្រទេសផលិតប្រេងនេះពិចារណាឡើងវិញ។
រដ្ឋមន្ត្រីថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman បានការពារការកាត់បន្ថយផលិតកម្មប្រេងឆៅនេះ ដោយថ្លែងនៅក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP27 នៅក្នុងប្រទេសអេហ្ស៊ីបក្នុងខែនេះថា ពួកគេមានភាពចាំបាច់ក្នុងការកាត់បន្ថយផលិតកម្មដើម្បីប៉ះប៉ូវទៅនឹងភាពមិនច្បាស់លាស់ខ្លាំងខាងផ្នែកសេដ្ឋកិច្ច៕