ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតជាលើកដំបូង ចាប់តាំងពីលោកបានប្រកាសកាលពីខែមេសាថា លោកនឹងស្វែងរកអាណត្តិទីពីរនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ មានសមាជិកសហជីពកម្មករប្រហែល ២,០០០ នាក់ បានប្រមូលផ្តុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍នៅរដ្ឋ Pennsylvania ដែលក៏ជាកន្លែងលោក បៃដិន បានចាប់កំណើតផងដែរ ។
ទន្ទឹមនោះលោក បៃដិន បាននិយាយថា លោកមានមោទនភាពខ្លាំងមែនទែនដែលបានក្លាយជាប្រធានាធិបតីមានការគាំទ្របំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។
លោក បៃដិន ក៏បានប្រាប់ដល់សហជីពកម្មករផងដែរថា “អ្នកបានកសាងសេដ្ឋកិច្ចតាមន័យត្រង់ មិនមែនក្នុងន័យធៀបពីបាតក្រោមឡើងដល់លើ ឬពីកណ្តាលឡើងដល់កំពូល ហើយចុះក្រោមវិញនោះទេ ព្រោះថា ពេលវណ្ណៈកណ្តាលធ្វើបានល្អ យើងនឹងធ្វើបានល្អគ្រប់គ្នា” ។
បច្ចុប្បន្នជនជាតិអាមេរិកមួយចំនួនធំកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាយុរបស់លោក បៃដិន ដែលនឹងឈានចូលដល់វ័យ ៨១ ឆ្នាំនៅក្នុងខែវិច្ឆិកាខាងមុខនេះ ។ ប៉ុន្តែរហូតមកដល់ពេលនេះ គណបក្សប្រជាធិបតេយ្យនៅមិនទាន់មានចំណាត់ការណាមួយដើម្បីដាក់បេក្ខភាពផ្សេងទៀត ក្រៅពីលោក បៃដិន នោះទេ ។ដោយឡែក សម្រាប់គណបក្សសាធារណរដ្ឋវិញមានបេក្ខជនចំនួន ១១ នាក់កំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ដោយក្នុងនោះរួមមានអតីតប្រធានាធិបតី ដូណាល់ ត្រាំ និងអភិបាលរដ្ឋផ្លរីដា លោក រ៉ុន ឌីសាន់ទីស ដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងដ៏ធំបំផុតរបស់លោក ត្រាំ ៕