គណបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita Limjaroenrat និងបក្សភឿថៃបានប្រកាសពីផែនការដោះស្រាយបញ្ហាបំណុលដែលត្រូវបានចាត់ទុកថាជាបញ្ហាសំខាន់ផ្នែកសេដ្ឋកិច្ច ដល់ក្រុមគ្រួសារដែលកំពុងជាប់ធ្ងន់ក ខណៈបច្ចុប្បន្នមានកម្រិតបំណុលរហូតដល់ ១៥.០៩ ពាន់ពាន់លានបាត (៤៣៣ ពាន់លានដុល្លារ) ។
គោលនយោបាយដោះស្រាយបំណុលរបស់គណបក្សចលនាឆ្ពោះទៅមុខ គឺដើម្បីប្រកាសសង្គ្រាមលើបំណុលក្រៅផ្លូវការ ដោយបែងចែកថវិកាចំនួន ១០ ពាន់លានបាត (២៨៦ លានដុល្លារ) សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុល ឬការបង្វិលសង ។
ការអនុវត្តវិធានការដែលនឹងមានការចូលរួមពីការិយាល័យនាយករដ្ឋមន្ត្រី អគ្គស្នងការនគរបាលជាតិ ការិយាល័យអគ្គព្រះរាជអាជ្ញា នាយកដ្ឋានចំណូល និងនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) គឺដើម្បីធ្វើការចរចាជាមួយម្ចាស់បំណុល ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញតាមលំដាប់លំដោយ ដើម្បីជួយកូនបំណុលក្នុងការសងផងដែរ ។
សម្រាប់គ្រូបង្រៀនរដ្ឋដែលមានបំណុលខ្ពស់ គណបក្សចលនាឆ្ពោះទៅមុខ នឹងរៀបចំរចនាសម្ព័ន្ធបំណុលថ្មី ដែលបង្រួបបង្រួមបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងសហករណ៍គ្រូបង្រៀន ទៅជាបំណុលតែមួយ ។ បំណុលរបស់គ្រូបង្រៀនម្នាក់ៗ ត្រូវឆ្លងកាត់ធនាគារពាណិជ្ជដើម្បីវាយតម្លៃពីហានិភ័យនៃការផ្តល់ប្រាក់កម្ចីលើសពីសមត្ថភាពសងត្រលប់ ហើយបំណុលអតិបរមាកំណត់លើការកាត់ប្រាក់បៀវត្សរ៍ គឺមិនឲ្យលើសពី ៧០ ភាគរយនៃប្រាក់ចំណូលប្រចាំខែឡើយ ខណៈអត្រាការប្រាក់នឹងត្រូវបានកាត់បន្ថយផងដែរ បើសិនជាមានប្រវត្តិសងល្អ ។
ចំណែកពលរដ្ឋដែលជំពាក់ប្រាក់ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ វិធានការក៏នឹងជួយដល់អ្នកដែលមានប្រវត្តិសងល្អដូចគ្នា ។ ប្រសិនបើពួកគេបានធ្វើការបង់ប្រាក់ទាន់ពេលវេលាលើសពី ១២ ខែ អត្រាការប្រាក់ត្រូវបានកាត់បន្ថយ ១០ ភាគរយ ហើយរដ្ឋាភិបាលនឹងផ្តល់ជំនួយថវិកាដើម្បីប៉ះប៉ូវការកាត់បន្ថយអត្រាការប្រាក់ជំនួស ។
ដោយឡែក គណបក្សភឿថៃវិញ គឺមានបំណងផ្អាកការសងបំណុលកសិកម្ម ខណៈមានកសិករថៃជាង ៩០ ភាគរយបានជាប់បំណុលជាមធ្យមប្រហែល ៤៣០,០០០ បាត (១២,៣៤៥ ដុល្លារ) ក្នុងមួយគ្រួសារ ។
ជាមួយគោលនយោបាយនេះ កសិករនឹងទទួលបានរយៈពេលអនុគ្រោះ ៣ ឆ្នាំទាំងប្រាក់ដើម និងការប្រាក់ ហើយគណបក្សក៏នឹងជួយរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញផងដែរ ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ ។
ក្រៅពីកសិករ សហគ្រាសធុនតូច និងមធ្យម ដែលទទួលផលប៉ះពាល់ពីវិបត្តិកូវីដ ចំនួន ២.៣ លានកន្លែង និងតម្លៃបំណុលចំនួន ២០០ ពាន់លានបាត ស្មើជាង ៥.៧ ពាន់លានដុល្លារ ឬបំណុលដែលត្រូវបានចាត់ថ្នាក់ជាកម្ចីមិនដំណើរការ នឹងត្រូវផ្អាកសងរយៈពេល ១ ឆ្នាំ ។
ពាក់ព័ន្ធជាមួយបំណុលក្រៅផ្លូវការវិញ ដែលមានចំនួន ១.៤ លាននាក់ នឹងត្រូវចាត់ចែងចូលក្នុងប្រព័ន្ធឥណទានផ្លូវការតាមរយៈការប្រកួតប្រជែងជាមួយអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការដោយផ្តល់អត្រាការប្រាក់ទាប និងសុវត្ថិភាពជាង ៕