Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ព្រឹត្តិការណ៍​ធំ​ពីរ​នឹង​រៀបចំ​ឡើងនៅតំបន់​ផាប់ស្រ្តីត (Pub Street) ដើម្បី​ត្រៀម​ទទួល​ទេសចរ​ណ៍រាប់​ម៉ឺន​នាក់​មក​កម្សាន្ត

Admin Alynana | Apr 08, 2022
ព្រឹត្តិការណ៍​ធំ​ពីរ​នឹង​រៀបចំ​ឡើងនៅតំបន់​ផាប់ស្រ្តីត (Pub Street) ដើម្បី​ត្រៀម​ទទួល​ទេសចរ​ណ៍រាប់​ម៉ឺន​នាក់​មក​កម្សាន្ត
Clinic narith

សៀមរាប៖ លោក លី សំរិទ្ធ អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​រសៀល​នេះ​ថា នា​ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខឆាប់ៗនេះ នឹង​មាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​​នៅក្រុងសៀមរាប ហើយ​នៅ​ផាប់ស្ត្រីត (Pub Street) ​​ក៏​មាន​ការ​ប្រគំ​តន្រ្តី​ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ណ៍មក​កម្សាន្ត។

បើ​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ គិត​ត្រឹម​ថ្ងៃ​នេះ​បន្ទប់​ស្នាក់នៅ​តាម​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​ជាង​ ៧០ ភាគរយ​ត្រូវ​បាន​ភ្ញៀវ​កក់​ពេញអស់។

បន្ទាប់​ពី​​​បិទ​ទ្វារ​មួយ​រយៈ​ធំ អាជីវកម្ម​បាន​​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើងវិញ​នៅ​តំបន់ផាប់ស្រ្តីត​ (Pub street) ដែល​ជា​ទី​ដ៏ពេញនិយមនៅ​ក្នុង​សៀមរាប។ បើ​តាម​អាជ្ញាធរ​ខេត្ត ក្នុង​ចំណោម​ហាង​​និង​ភោជនីយដ្ឋាន​ជាង ២០០​ កន្លែង​ ​មាន​​ប្រហែល ៣០ ទៅ ៤០ ភាគរយ បាន​បើកដំណើរ​ការឡើង​វិញ​ ខណៈ​លំហូរ​ភ្ញៀវ​ទេសចរណ៍​ក៏​ចាប់ផ្តើម​​វិល​ត្រឡប់​មក​វិញ​បណ្តើរៗ។

ខេត្ត​សៀមរាប​ជា​គោលដៅ​ទេសចរណ៍​ដែល​មាន​សុវត្ថិភាព និង​ទាក់ទាញ​សម្រាប់​ដំណើរ​កម្សាន្ត​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីខាងមុខ។ នេះបើ​តាម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ដែល​បានលើកឡើង​ក្នុងពេល​​ថ្មីៗ​នេះ។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបបាន​ឲ្យ​ដឹង​ថា សម្រាប់​ឱកាសបុណ្យចូលឆ្នាំថ្មី អាជ្ញាធរ​បាន​រៀបចំ​ព្រឹត្តិការណ៍​​សង្ក្រាន្ត​សៀមរាប​នៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេង​នៅតាមដង​ស្ទឹង​សៀមរាប ល្បែង​ល្បាំ​ប្រជាប្រិយ ការតាំងពិព័រណ៍ ពិធី​កម្សាន្ត​តាមបែប​សាសនា​នៅប្រាសាទ​ចៅសាយ​ទេវតា​ជាដើម។

លោក​ប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា មិនត្រឹមតែនៅក្នុងខេត្តប៉ុណ្ណោះទេ នៅតាម​បណ្ដា​ស្រុក​ផ្សេងទៀត​ក៏រៀបចំកម្មវិធីកម្សាន្តច្រើននៅ​តាមគោលដៅ​ប្រមាណ ១៧ គោលដៅទៀត ដូចជា​​នៅ​សហគមន៍​អេកូទេសចរណ៍​ចង្ក្រានរយ​នៅ​ ស្រុកវ៉ារិន នៅតំបន់​ភ្នំគូលែន​ក៏មានសហគមន៍ថ្មីៗ២-៣ទៀតដែរ។ ជាមួយគ្នានោះ តំបន់​ទន្លេសាប​ក៏​ដូចជា​នៅ​សហគមន៍​​ចុង​ឃ្នាស​ ក៏មាន​ការរៀបចំឱ្យ​មាន​សកម្មភាព​ទេសចរណ៍​ទាក់ទាញ​ឡើងវិញ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ទទួលយក​មក​គ្រប់គ្រង​វិញ។

បន្ទាប់ការ​បើកប្រទេសឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនោះ បាន​ជំរុញ​ឱ្យ​ចលនា​ទេសចរ​ផ្ទៃក្នុងចេះ​តែមានការ​រីកចម្រើន​កើនឡើង ខណៈ​ប្រជាជន​កម្ពុជា​ក៏​មាន​ការ​ចេញ​ដើរ​កម្សាន្ត​ច្រើន​ទៅ​គ្រប់​ទីកន្លែងនៃគោលដៅទេសចរណ៍ក្នុងប្រទេស ដូចជា​គោលដៅ​អេកូទេសចរណ៍ សៀមរាប-អង្គរ តំបន់​ឆ្នេរ​ជាដើម៕
83ba4f3b-a86d-4bf4-8113-46987328a108