Alynana Media Cambodia
Icon Collap
clinic narit

នៅក្នុងសង្គ្រាមរបស់លោក Putin គ្រប់គ្នានឹងចាញ់

Admin Alynana | Apr 21, 2022
នៅក្នុងសង្គ្រាមរបស់លោក Putin គ្រប់គ្នានឹងចាញ់
Clinic narith

សង្គ្រាមនៅអ៊ុយក្រែន៖ កំពុងឈានចូលដល់សប្តាហ៍ទី៩ ហើយ។ បើគេក្រឡេកបកទៅក្រោយវិញ នៅក្នុងរយៈពេល ៣សប្តាហ៍ដំបូង រុស្ស៊ីបានខិតខំព្យាយាមយ៉ាងខ្លាំង ក្នុងការផ្លាស់ប្តូររបបដឹកនាំនៅអ៊ុយក្រែន ក៏ប៉ុន្តែសកម្មភាពនេះបានបរាជ័យ ដែលជាហេតុធ្វើឱ្យកងទ័ពរុស្ស៊ីងាកមកប្រកាន់យក «យុទ្ធសាស្ត្រដីទរទេវិញ – Wasteland Strategy»។

យុទ្ធសាស្ត្រនេះមានគោលដៅបង្កការបំផ្លាញសេដ្ឋកិច្ចរបស់អ៊ុយក្រែន, បង្កការបំផ្លិចបំផ្លាញទីក្រុង និងទីប្រជុំជន និងការបង្កើតឱ្យមានលំហូរដ៏ធំនៃជនភៀសខ្លួន។ មនុស្សប្រមាណ ១២ លាននាក់ ឬប្រហែល ១/៤ នៃចំនួនប្រជាជនអ៊ុយក្រែនសរុប នៅពេលឥឡូវនេះ បានក្លាយជាជនភៀសខ្លួនទាំងនៅខាងក្នុង និងទៅខាងក្រៅប្រទេស។

ឥឡូវនេះ រុស្ស៊ីបានចាប់ផ្តើមបើកការវាយលុកតាមផ្លូវអាកាស និងផ្លូវគោកដើម្បីដណ្តើមយកការកាន់កាប់ទឹកដីបន្ថែមទៀតនៅក្នុងតំបន់ Donbass ជាពិសេសដើម្បីដណ្តើមយកតំបន់ដែលនៅសេសសល់នៃខេត្ត Luhansk Oblast។ ការវាយលុកនេះបាន បង្ហាញឱ្យឃើញអំពីភាពខ្លាំងរបស់រុស្ស៊ី ដោយក្នុងនោះរួមមានវត្តមានរបស់រថក្រោះ និងទាហានជាច្រើន បូករួមនឹងបណ្តាញផ្គត់ផ្គង់យោធាដ៏ល្អប្រសើរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបានប្រឈមមុខនឹងបញ្ហាជាថ្មីម្តងទៀត ខណៈដែលទាហានរបស់ខ្លួនមិនមានទឹកចិត្តនៅក្នុងការប្រយុទ្ធ, មិនទទួលបានការបណ្តុះបណ្តាលសមស្រប, ប្រព័ន្ធដឹកជញ្ជូនអន់ៗ, កង្វះជំនាញនៅក្នុងការធ្វើសង្រ្គាមនៅក្នុងសមរភូមិ បូករួមនឹងការមានឧបករណ៍ចាស់ៗជាច្រើនដែល មិនស៊ីគ្នានឹងអាវុធសម័យទំនើប។

ការវាយលុកនេះអាចនឹងនាំមកនូវជោគជ័យក្នុងការដណ្តើមយកទឹកដីថ្មីៗ ហើយវាអាចនឹង បញ្ឈប់អ៊ុយក្រែនពីការដណ្តើមយកទឹកដីដែលខ្លួនបានបាត់បង់ ហើយនឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន។ លោក Putin អាចនឹងលើកឡើងថា «សមិទ្ធិផលនេះគឺមានតម្លៃខ្លាំងណាស់»។

លោក Putin នឹងលើកឡើងនូវការអះអាងថា «ការបំផ្លាញអ៊ុយក្រែនបានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលគ្មានកងកម្លាំងយោធា (Demilitarized) ហើយវានឹងជួយសង្គ្រោះអ្នកនិយាយភាសារុស្ស៊ីនៅក្នុងតំបន់ Donbass»។

លោក Putin ទំនងជានឹងប្រកាសអំពីជោគជ័យនៅទិវាជ័យជំនះប្រចាំឆ្នាំរបស់រុស្ស៊ីនៅថ្ងៃទី ០៩ ខែឧសភា។ រុស្ស៊ីអាចនឹងប្រកាសថា «បទឈប់បាញ់ត្រូវបានដាក់ចេញ» ហើយរុស្ស៊ីអាចនឹងរំពឹងថា «អ៊ុយក្រែននឹងយល់ព្រមជាមួយខ្លួន»។ ទោះបីជាយ៉ាងណាក៏ដោយ ភស្តុតាងមួយចំនួនបានបង្ហាញថា «អ៊ុយក្រែនអាចនឹងមិនយល់ព្រមបញ្ចប់សង្រ្គាម ដូចអ្វីដែលរុស្ស៊ីចង់បាននោះទេ»។ រុស្ស៊ីបានចាញ់ការប្រយុទ្ធដែលព្យាយាមចង់ដណ្តើមយកឈ្នះលើចិត្តនិងបេះដូងរបស់ប្រជាជនអ៊ុយក្រែន។

បើទោះបីជាបទឈប់បាញ់ត្រូវបានទទួលយកដោយបង្ខំក៏ដោយ ក៏វាអាចទៅរួចដែលថា «ក្រុមអ៊ុយក្រែនតូចៗនឹងធ្វើការវាយឆ្មក់ឆ្លងកាត់ព្រំដែន ដើម្បីឱ្យរុស្ស៊ីតបស្នងចំពោះសង្គ្រាមនិងឧក្រិដ្ឋកម្មសង្គ្រាម ដែលរុស្ស៊ីបានប្រព្រឹត្តិ»។ ដូច្នេះ រុស្ស៊ីនឹងត្រូវបង្កើនការការពារព្រំដែនដ៏វែងរបស់ខ្លួនជាមួយអ៊ុយក្រែនឱ្យបានឆាប់រហ័ស។

ទាំងអស់នេះមានន័យថា «ខណៈពេលដែលបទឈប់បាញ់អាចនឹងកើតមាននៅពាក់កណ្តាលខែឧសភា ហើយសង្រ្គាមអាចនឹងផ្អាកនៅនឹងកន្លែង» សន្តិភាពនៅពេលអនាគតនៅក្នុងប្រទេសអ៊ុយក្រែននឹងមិនមានលក្ខណៈដូចគ្នានឹងសន្តិភាពចាស់នៅមុនពេលរុស្ស៊ីបើកការឈ្លាន ពាននោះទេ។ រុស្ស៊ីអាចនឹងដណ្តើមយកផ្នែកខ្លះរបស់អ៊ុយក្រែនហើយអាចនឹងឈ្នះសង្រ្គាមនេះ ក៏ប៉ុន្តែវាបានបាត់បង់សន្តិភាពរួចទៅហើយ។

ឥឡូវនេះ លោក Putin គឺជាមេដឹកនាំដ៏ពិសពុល, ប្រទេសរុស្ស៊ីគឺជារដ្ឋឯកោ ហើយប្រជាជនអ៊ុយក្រែនរាប់សិបលាននាក់ដែលភាគច្រើនប្រដាប់ដោយអាវុធ ឥឡូវនេះកំពុងមានការខឹងសម្បារយ៉ាងខ្លាំង ហើយពួកគេទាំងនោះអាចនឹងព្យាយាមធ្វើការសងសឹក ខណៈដែលកងទ័ពរុស្ស៊ីនឹងរងនូវការថ្កោលទោសអស់រយៈពេលជាច្រើនទសវត្សរ៍។

ការបរាជ័យដ៏ធំធេងផ្នែកអាវុធយុទ្ធភ័ណ្ឌរបស់រុស្ស៊ីក៏នឹងជះឥទ្ធិពលផងដែរដល់ការលក់អាវុធចេញទៅក្រៅប្រទេស។ ការលក់អាវុធគឺជាធាតុដ៏សំខាន់នៃគោលនយោបាយការបរទេសរបស់រុស្ស៊ី។ នៅមុនពេលកើត មានសង្រ្គាម វិស័យការពារជាតិរបស់រុស្ស៊ី បានជួបប្រទះនូវបញ្ហាប្រឈមរួចស្រេចទៅហើយ។ ការដាក់ទណ្ឌកម្មនៅ ពេលថ្មីៗនេះ នឹងបង្កការខូចខាតកាន់តែធ្ងន់ធ្ងរដល់វិស័យមួយនេះ។

ក្រៅពីអ៊ុយក្រែន សហភាពអឺរ៉ុបបានបង្ហាញនូវការរួបរួមគ្នាកាន់តែខ្លាំង។ រុស្ស៊ីនឹងបាត់បង់ទំនាក់ទំនងជាមួយអឺរ៉ុបយ៉ាងហោចណាស់មួយជំនាន់មនុស្ស ហើយការផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចកំពុងតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីប្រឈមមុខនឹងការដួលរលំកាន់តែខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបនឹងប្រឈមមុខនឹងបន្ទុកផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ក្នុងការជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្គ្រាមបានបញ្ចប់។

អង្គការ NATO ក៏បានរងនូវការប្រែប្រួលយ៉ាងគួរឱ្យភ្ញាក់ផ្អើលផងដែរ ហើយប្រទេសស៊ុយអែតនិងហ្វាំងឡង់នៅពេលឥឡូវនេះ កំពុងពិចារណាយ៉ាងហ្មត់ចត់អំពីការស្នើសុំសមាជិកភាព។ ប៉ុន្តែ ជាមួយនឹង​កងទ័ព​រុស្ស៊ី​ដែល​កំពុងរងគ្រោះ និងជាប់ផុង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ឥឡូវនេះ​​ឱកាសក្នុងការសម្រេចបាននូវ​សមាជិកភាពនេះគឺមានតិចតួចណាស់។

គួររំលឹកផងដែរថា «អង្គការ NATO ដែលដូចគ្នានឹងសហភាពអឺរ៉ុបដែរ គឺជាអង្គការមួយដែលសមាជិក ២/៣ គឺជាប្រទេសដែលមានប្រជាជន ១០ លាននាក់ ឬតិចជាងនេះ»។ ផ្ទុយទៅវិញប្រទេសរុស្ស៊ីមានប្រជាជនប្រហែល ១៤៤ លាននាក់។

អង្គការ NATO និង EU គឺជាបណ្តុំនៃប្រទេសតូចៗដែលមានបំណងប្រឆាំងនឹងនយោបាយអំណាចដែលអនុវត្តដោយមហាអំណាចដែលត្រូវបានពួកគេចាត់ទុកជាសត្រូវ ដោយក្នុងនោះអង្គការ NATO បានផ្តោតលើការការពារជាសមូហភាព និងវិបុលភាពរួមរបស់សហភាពអឺរ៉ុប។ ដូច្នេះ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលរុស្ស៊ីនិងចិនបានរិះគន់អំពីអង្គការទាំងនេះ។

បន្ថែមពីលើនេះ ជំនួយផ្នែកយោធាជាច្រើនត្រូវបានផ្តល់ដល់អ៊ុយក្រែនដែល រួមមានការផ្តល់គ្រឿងបរិក្ខារធុនធ្ងន់ ដូចជា រថក្រោះ, កាំភ្លើងធំ, រថពាសដែក និងប្រព័ន្ធមីស៊ីលដែលបាញ់ពីដីទៅអាកាស (Surface-to-air Missile System)។ ទាំងនេះត្រូវបានចាត់ទុកជាវិធានការនៃការចូលដៃជាមួយអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្ស៊ី។

ការគាំទ្រផ្នែកយោធាបែបនេះនឹងមានការកើនឡើងបន្ថែមទៀត។ ការផ្ទេរយន្តហោះចម្បាំងអាចជារឿងបន្ទាប់ ជាពិសេសដោយសារឥឡូវនេះ រុស្ស៊ីកំពុងប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ដើម្បីទម្លាក់គ្រាប់បែកក្នុងទ្រង់ទ្រាយធំលើបណ្តាទីក្រុងនៅតំបន់ Donbass ។

ជាងនេះទៅទៀត នៅពេលដែលឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ីបានបង្ហាញឱ្យគ្រប់គ្នាបានឃើញកាន់តែច្បាស់ សង្គមស៊ីវិលនៅក្នុងប្រទេសជាច្រើនអាចនឹងចោទសួរជាសំណួរថា «ហេតុអ្វីបានជារដ្ឋាភិបាលមួយចំនួននៅតែរក្សាអព្យាក្រឹតភាព»។ មកដល់ពេលនេះ បណ្តាអាជីវកម្មជាច្រើនដែលព្យាយាមលាក់ខ្លួនជាសម្ងាត់កំពុងត្រូវបានគេលាតត្រដាង និងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណៈជន។

ប្រទេស ២ ដែលងាយរងគ្រោះជាងខ្លាំងជាងគេ គឺ ឥណ្ឌា និង អ៊ីស្រាអែល ព្រោះស្របពេលដែលប្រទេសទាំងពីរនេះបានផ្តល់ជំនួយមួយចំនួនដល់អ៊ុយក្រែន ពួកគេក៏បានព្យាយាមចៀសវាងពីការរិះគន់លើសកម្មភាពរបស់រុស្ស៊ី ឬការដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។ «នៅក្នុងសង្គ្រាម របស់លោក Putin មនុស្សគ្រប់គ្នានឹងចាញ់»៕

For Web LNN (1)-11