(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនានេះ បានសម្រេច កំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់លឿងទុំ ដម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ការសម្រេចនេះ តម្រូវឲ្យបិទខ្ទប់តំបន់លឿងទុំនោះ ដោយសារតែផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងរោងចក្រកាត់ដេរ ហ្គ្រេន ធ្វីន អតីតរោងចក្ររោងចក្រកាត់ដេរ QMI នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងការធ្វើតេស្ត លើកម្មករកាត់ដេរជាង ៤០០០នាក់ កាលពីថ្ងៃទី៤-៦ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រកាត់ដេរ QMI រកឃើញអ្នកឆ្លងកូវីដ ២៩៦នាក់។
ការបិទខ្ទប់នៅតំបន់លឿងទុំ ដែលទើបកំណត់ថ្មីនេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
ដោយឡែក នៅតំបន់ជុំវិញរោងចក្រកាត់ដេរ QMI ដែលស្ថិតនៅតំបន់មុខវិទ្យាល័យជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ជិតរង្វង់មូលចោមចៅ បានធ្វើឡើងដាក់របាំងបិទខ្ទប់ ចាប់តាំងពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១៕