Alynana Media Cambodia
Icon Collap
clinic narit

ធនាគារទាំងអស់នៅកម្ពុជានឹងមាន«QR Code»តែមួយអាចស្កែនបានទាំងប្រាក់រៀលនិងដុល្លារ

Media LNN | Sep 18, 2024
ធនាគារទាំងអស់នៅកម្ពុជានឹងមាន«QR Code»តែមួយអាចស្កែនបានទាំងប្រាក់រៀលនិងដុល្លារ
Clinic narith

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បាននឹងកំពុងជំរុញឱ្យប្រជាពលរដ្ឋខ្មែរចូលរួមបង្កើតនូវ «គណនីប្រាក់រៀល» ដើម្បីទទួលបាននូវអត្ថប្រយោជន៍នានា និង ជួយដល់វិស័យទេសចរណ៍ជាតិ ខណៈដែលនៅពេលខាងមុខនេះ ធនាគារជាតិ នឹងដាក់ចេញនូវវិធានការថ្មី គឺការច្របាច់បញ្ជូលគ្នានូវអ្នកដែលមានគណនីពី គឺ «ប្រាក់រៀល និង ប្រាក់ដុល្លារ» ក្នុង QR Code តែមួយ។ជាវិធានការ ដើម្បីជួយលើកកម្ពស់ដល់រូបិយប័ណ្ណ​ជាតិ ជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា។

ធនាគារជាតិនៃកម្ពុជា បាននឹងកំពុងដាក់ចេញនូវផែនការក្នុងការច្របាច់បញ្ជូនគ្នាអ្នកដែលមានគណនីចំនួន២ គឺគណនីប្រាក់រៀលជាតិ និង ប្រាក់ដុល្លារ ចូលទៅក្នុង QR Code តែមួយ ដើម្បីជួយលើកកម្ពស់ដល់ការប្រើប្រាស់ប្រាក់រៀល ជួយសម្រួលដល់ការទូទាត់ឆ្លងដែន សម្រួលដល់វិស័យទេសចរណ៍ ជួយសេចដ្ឋកិច្ចជាតិ ជាពិសេស ប្រជាពលរដ្ឋដែលមានគណនីជាប្រាក់រៀល អាចទូទាត់ប្រាក់នៅក្រៅប្រទេសបានដោយស្រួល។

 

ធនាគារជាតិ បានស្នើសុំដល់ប្រជាពលរដ្ឋខ្មែរមិនទាន់មាន គណនីប្រាក់រៀល ចូលរួមបង្កើតនូវគណនីជាប្រាក់រៀល និង បានតម្រូវឲ្យគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅទូទាំងប្រទេសកម្ពុជា ត្រូវបង្កើតគណនីជា ប្រាក់រៀលខ្មែរ ជូនដល់អតិថិជនរបស់ខ្លួនដោយឥតគិតកម្រៃសេវា។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា គម្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈ QR Code ថ្មីនេះ នឹងចាប់ផ្តើមដាក់ឲ្យអនុវត្តនាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នធនាគារជាតិនៃកម្ពុជា កំពុងទុកពេលឲ្យបណ្តាគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងស្រុកទាំងអស់ បើកគណនីប្រាក់រៀលជូនអតិថិជនរបស់ខ្លួន ឲ្យបានគ្រប់គ្នា និងជំរុញការផ្សព្វផ្សាយពីការផ្លាស់ប្តូរនេះ ឲ្យសាធារណជនបានយល់ដឹងបានទូលំទូលាយ។

គួរជម្រាបជូនថា «QR Code» តែមួយ គឺតម្រូវឱ្យអ្នកប្រើប្រាស់ទាំងសងខាងមានគណនីពីរ ជាគណនី ប្រាក់រៀល និង ប្រាក់ដុល្លារដូចគ្នា។នៅពេលអ្នកទូទាត់លើ «QR Code» តែមួយ ពេលអ្នកទិញជាប្រាក់រៀល ប្រាក់នោះនឹងរត់ចូលក្នុងគណនីអ្នកលក់ជាប្រាក់រៀល តែប្រសិនអ្នកទិញទូទាត់ជាប្រាក់ដុល្លារ លុយនោះនឹងរត់ចូលក្នុងគណនីរបស់អ្នកលក់ជាប្រាក់ដុល្លារ៕

ផែនការថ្មីរបស់ធនាគារជាតិ ក្នុងគោលបំណងជំរុញការប្រើប្រាស់រៀលខ្មែរឲ្យកាន់តែទូលំទូលាយ, សម្រួលដល់ប្រតិបត្តិការទូទាត់, ផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស និង អ្នកធុរកិច្ចមកពីបណ្តាប្រទេស ដែលមានកិច្ចសហការទូទាត់ឆ្លងដែនតាម QR Code ដោយប្រើរូបិយវត្ថុជាតិទៅវិញទៅមកជាមួយកម្ពុជា និង រួមទាំងឆ្លុះបញ្ចាំពីភាពជឿនលឿនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជា។

ជាផែនការ ក្រោយពីធនាគារជាតិស្រាវជ្រាវឃើញថា មានភ្ញៀវទេសចរថៃ ដែលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងអំឡុងពេលភ្ញៀវទេសចរនោះទិញទំនិញ ក្នុងហាងមួយ ដោយគាត់ទូទាត់ថ្លៃទំនិញតាមរយៈ ស្កែន QR Code ជាប្រាក់បាតថៃ ទៅឲ្យហាងលក់ទំនិញនោះ តែការទូទាត់នោះមិនអាចធ្វើទៅបាន ដោយសារក្នុងហាងនោះបានប្រើប្រាស់តែប្រព័ន្ធ QR Code ប្រាក់ដុល្លារតែមួយ ដោយមិនមានប្រព័ន្ធ KHQR Code ប្រាក់រៀល ដូច្នេះជាហេតុមិនអាចទូទាត់បាន ហើយក៏ធ្វើឲ្យភ្ញៀវទេសចរថៃរូបនោះ មានការងឿងឆ្ងល់អំពីបញ្ហានេះ ខណៈប្រទេសកម្ពុជា និងថៃ បានអនុញ្ញាតឲ្យមានការទូទាត់តាមប្រព័ន្ធ KHQR Code រវាងរូបិយប័ណ្ណជាតិនៃប្រទេសទាំងពីរទៅវិញទៅមករួចរាល់៕