(គែរ)៖ កិច្ចប្រជុំរវាងក្រុមមន្រ្តីអាមេរិក អ៉ីស្រាអែល និងអេហ្ស៉ីបនៅក្នុងរដ្ឋធានីគែរ បានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយអេហ្ស៉ីបបានទាមទារឱ្យ អ៉ីស្រាអែលត្រូវតែដកកងទ័ពចេញពីផ្លូវចេញ-ចូលទីក្រុង Rafah ដើម្បីឱ្យខ្លួនអាចដំណើរការច្រកឆ្លងកាត់នេះឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។
សន្តិសុខអេហ្ស៉ីពីររូប បាននិយាយថា កិច្ចប្រជុំនោះមានភាពវិជ្ជមាន ទោះបីជាគ្មានកិច្ចព្រមព្រៀងស្តីពីការបើកច្រកឆ្លងកាត់ឡើងវិញក្តី។ គណៈប្រតិភូអេហ្ស៉ីប បាននិយាយ នៅឯកិច្ចប្រជុំថាខ្លួននឹងបើកចំហដល់ក្រុមអ្នកឃ្លាំមើលអឺរ៉ុបនៅព្រំដែន ដើម្បីត្រួតពិនិត្យលើប្រតិបត្តិការរបស់ខ្លួន ដែលប្រតិបត្តិការដោយអាជ្ញាធរប៉ាឡេស្ទីន ប្រសិនបើអាជ្ញាធរប៉ាឡេស្ទីនព្រមព្រៀងបន្តការងារឡើងវិញ។ ដោយឡែក មន្ត្រីអ៉ីស្រាអែល និងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេនឹងធ្វើការឱ្យបានឆាប់ ដើម្បីលុបបំបាត់ឧបសគ្គនៃប្រតិបត្តិការឆ្លងកាត់ទីក្រុង Rafah។
គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងអេហ្ស៉ីបកាន់តែកើនឡើង ជុំវិញការចូលគ្រប់គ្រងរបស់ទាហានអ៉ីស្រាអែល នៅឯច្រកភាគខាងត្បូងនៃតំបន់ហ្កាហ្សាមួយនេះ។ ស្របពេលដែលអេហ្ស៉ីប បានសម្របសម្រួលឱ្យយកជំនួយចូលតាមច្រក Kerem Shalom កាលពីសប្តាហ៍មុន ការបើកដំណើរការច្រក Rafah ឡើងវិញគឺពិតជា មានសារៈសំខាន់ណាស់ និងចំពេលភ្នាក់ងារមនុស្សធម៌ កំពុងព្រមានអំពីគ្រោះទុរ្ភិក្សនៅទីនោះ៕