Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាសម្រេចបានការនាំចេញជិត៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP

Admin Alynana | Nov 02, 2022
កម្ពុជាសម្រេចបានការនាំចេញជិត៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP
Clinic narith

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានចំនួនសរុបជាង ៤ពាន់៧រយលានដុល្លារអាមេរិក នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ កើនឡើង ៦% ធៀបនឹងឆ្នាំមុន។

យ៉ាងណាក៏ដោយ បើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេស RCEP មានមិនដូចគ្នានោះទេ ខណៈការនាំចេញខ្លះ ក៏មានការកើនឡើង តែការនាំចេញខ្លះ ក៏មានធ្លាក់ចុះដែរ តួយ៉ាងដូចជា ការនាំចេញទៅចិន ជាដើម នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ បានថយចុះប្រមាណ១៨% ដោយសារតែប្រទេសនេះ បានអនុវត្តយ៉ាងតឹងរឹងនូវគោលនយោបាយគ្មានកូវីដ១៩។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ មានចំនួនសរុបជាង ៤ពាន់៧រយលានដុល្លារអាមេរិក កើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដោយនៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសទាំងនេះ មានចំនួនសរុប ជាង ៤ពាន់៤រយលានដុល្លារ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ស៊ាង ថៃ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងមក គឺជាកត្តារួមចំណែកដ៏សំខាន់សម្រាប់ជំរុញការនាំចេញរបស់កម្ពុជា។

ជាមួយគ្នានេះ បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជា កាន់តែបង្ហាញសញ្ញាណវិជ្ជមាន ជាពិសេសនៅក្របខ័ណ្ឌទ្វេរភាគី តែម្ដង។ បើតាមបណ្ឌិត ហុង វណ្ណៈ តាមរយៈកិច្ចព្រមព្រៀង RCEP បានជំរុញឲ្យការនាំចេញរបស់កម្ពុជា បន្តកើនឡើងជាលំដាប់ ពិសេសការនាំចេញផលិតផលកសិកម្ម។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញសេដ្ឋកិច្ចរូបនេះយល់ឃើញថា ការនាំចេញរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀង RCEP ហាក់នៅមានកម្រិតនៅឡើយ បើប្រៀបនឹងប្រទេសផ្សេងៗ ក្នុងតំបន់ ដូចជា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ជាដើម។

លើសពីនេះ បណ្ឌិត ហុង វណ្ណៈ មើលឃើញថា ការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មអន្តរជាតិ បានជំរុញឲ្យកម្ពុជា កាន់តែយកចិត្តទុកដាក់បន្ថែមមួយកម្រិតក្នុងការលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលធ្វើឲ្យវិស័យនេះ ក៏កាន់តែរីកចម្រើនខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិសេសវិស័យដឹកជញ្ជូន ក៏ជាឱកាសសម្រាប់កម្ពុជា កាន់តែខ្លាំង ក្នុងការទាក់ទាញវិនិយោគិន ខណៈការធ្វើពាណិជ្ជកម្មអន្តរជាតិ គឺទាមទារឲ្យមានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាសំខាន់។

បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទំនិញរបស់កម្ពុជា ដែលនាំចេញតាមរយៈកិច្ចព្រមព្រៀង RCEP ភាគច្រើន គឺជា ផលិតផលកសិកម្ម ផលិតផលកាត់ដេរ និងសំភារៈអគ្គិសនី ជាដើម។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP រួមមាន ប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ រួមជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន១០ ប្រទេស រួមជាមួយនឹងដៃគូពាណិជ្ជកម្ម ចំនួន៥ទៀត ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕