2020-06-30
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃចន្ទថាខ្លួនធានាបាននូវការផ្គត់ផ្គង់ចំនួនថ្នាំ remdesivir ដែលគេគិតថាជាថ្នាំដែលជួយឲ្យអ្នកជំងឺកូវីដ១៩អាចជាសះស្បើយបានលឿនជាង។
លោក Alex Azar រដ្ឋមន្ត្រី ក្រសួងសុខាភិបាលនិងសុខមាលភាពពលរដ្ឋ ហៅកាត់ថា HHS បានថ្លែងកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតីដូណាល់ត្រាំ សម្រេចបានការព្រមព្រៀងមួយដែលនឹងធានាឲ្យមានការត្រៀមការផ្គត់ផ្គង់ថ្នាំ remdesivir ចំនួន៥០០.០០០សំណុំរហូតដល់ខែកញ្ញា។
ការសិក្សាកន្លងមកបង្ហាញថា ថ្មាំ remdesivir ជួយបន្ថយរយៈពេលនៃការត្រូវសម្រាកព្យាបាលនៃអ្នកជំងឺកូវីដ១៩។ ថ្នាំនេះត្រូវបានអាជ្ញាធរក្នុងប្រទេសជាច្រើនរួមទាំងសហដ្ឋអាមេរិកផងអនុញ្ញាតឲ្យគ្រូពេទ្យប្រើក្នុងករណីសង្គ្រោះបន្ទាន់។
កន្លងមកថ្នាំនេះត្រូវបានប្រើដោយលទ្ធផលល្អប្រឆាំងនឹងជំងឺ MERS និង SARS ដែលជំងឺទាំងពីរនេះក៏ត្រូវបង្កដោយប្រភេទវីរុសកូរ៉ូណាដែរ ជាហេតុធ្វើឲ្យអ្នកជំនាញគិតថាថ្នាំនេះអាចមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ១៩៕