CDC គឺជានាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។ ទោះបីជារដ្ឋដើរទៅមុខដោយមានផែនការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក៏ដោយ នាយកមជ្ឃមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិកបានព្រមាននៅថ្ងៃទី ២១ មេសា ២០២០នេះថារលកទី ២ នៃវីរុសកូវីដ ១៩ អាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើវាស្របពេលជាមួយនឹងរដូវជំងឺផ្ដាសាយ ។
លោកបានមានប្រសាសន៍ថាសំណាងល្អហើយ ដែលការមកដល់នៃមេរោគឆ្លងវីរុសប្រល័យលោក កូវីដ ១៩នៅសហរដ្ឋអាមេរិកបានកើតឡើងនៅពេលដែលរដូវផ្តាសាយធម្មតាបានថយចុះ ។ លោក Redfield បានបន្ថែមថាគាត់ និងសមាជិកដទៃទៀតនៃក្រុមបុគ្គលិកនៃក្រុមការពារជំងឺឆ្លងបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការឃ្លាតឆ្ងាយពីសង្គមហើយផលប៉ះពាល់ដ៏ធំធេងនៃការផ្ទុះឡើងនូវវីរុសនេះនៅក្នុងអាមេរិកក៏ដោយសារតែមិនមានការឃ្លាតឆ្ងាយសង្គមនេះហើយ ។
លោក Robert Redfield នាយក CDC បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ថា « មានលទ្ធភាពដែលការវាយលុកវីរុសមកលើប្រទេសរបស់យើងនៅរដូវរងារខាងមុខនេះ វាពិតជាពិបាកជាងអ្វីដែលយើងឆ្លងកាត់នៅខណៈពេលនេះទៅទៀត » ។ លោកបានលើកឡើងថា រលកទី ១ នៃ covid-19 ដែលជាជំងឺបង្កឡើងដោយវីរុសនេះបានសម្លាប់មនុស្សជាង ៤៥០០០ នាក់រួចទៅហើយនៅទូទាំងសហរដ្ឋអាមេរិក ។
រំលឹកផងដែរថានៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺផ្តាសាយជ្រូក H1N1 ឆ្នាំ 2009 សហរដ្ឋអាមេរិកបានជួបប្រទះរលកករណីដំបូងនៅនិទាឃរដូវបន្ទាប់មករលកទីពីរកាន់តែធំនៅរដូវស្លឹកឈើជ្រុះនិងរដូវរងាក្នុងរដូវផ្តាសាយ ។ ប្រសិនបើរលកដំបូងនៃការផ្ទុះឡើងនៃជំងឺកូរ៉ូណា និងរដូវផ្តាសាយធំបានឈានដល់ដំណាលគ្នានោះវាអាចជាការលំបាកទាក់ទងនឹងសមត្ថភាពសុខភាព ។
គួរបញ្ជាក់ផងដែរថា ពេលនេះនៅសហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ ១៩ សរុបប្រមាណជាង ៨១ម៉ឺននាក់ និងស្លាប់ប្រមាណជាង៤៥០០០នាក់ ។
ប្រភព ៖ Washington Post