ក្បាលរថភ្លើងល្បឿនលឿនចំនួន ១១ គ្រឿងត្រូវបានទិញដោយក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយឧកញ៉ា គិត ម៉េង នោះនឹងត្រូវមកដល់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ។
ក្បាលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន KiHa 183 Series DMU ចំនួន 11 គ្រឿង នឹងត្រូវដឹកជញ្ជូនពីកោះហុកកៃដូ មកកាន់ប្រទេសកម្ពុជា ហើយចាកចេញពីប្រទេសជប៉ុន នៅថ្ងៃទី 15 ខែមេសា ឆ្នាំ 2024 គ្រោងនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី 27 ខែមេសា ឆ្នាំ 2024។
ក្បាលរថភ្លើងល្បឿនលឿន KiHa 183 Series DMU របស់ប្រទេសជប៉ុន អាចបង្កើនល្បឿនដល់ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្បាលរថភ្លើងនេះគ្រោងនឹងដាក់ប្រើប្រាស់លើគម្រោងផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត ដែលនឹងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅកម្ពុជា។
បើយោងតាមក្រសួងសាធារណការ គម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៣៨២ គីឡូម៉ែត្រ នឹងត្រូវការទុនវិនិយោគជាង ៤ ពាន់លានដុល្លារអាមេរិក។