សារព័ត៌មាន BBC បានចុះផ្សាយថា FIFA នឹងធ្វើការបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីចុងភៅសាច់គោដ៏ល្បី ដែលមានរហស្សនាមថា Salt Bae ក៏ដូចជាមនុស្សមួយចំនួនទៀត ដែលចូលទៅកាន់ទីលានបាល់ទាត់ ដើម្បីទៅអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដោយមិនមានការអនុញ្ញាតិច្បាស់លាស់។
ប្រភពខាងលើបានឱ្យដឹងថាអ្នកនាំពាក្យរបស់ FIFA បាននិយាយថា៖ «ក្រោយការត្រួតពិនិត្យ FIFA បានរកឃើញថាមានបុគ្គលមួយចំនួនបានចូលទៅកាន់ទីលានដោយមិនមានការអនុញ្ញាតិ នៅក្រោយពិធីបិទ នៅកីឡដ្ឋាន Lusail នៅថ្ងៃទី១៨ ខែធ្នូ»។
FIFA បានបន្ថែមទៀតថា៖ «វិធានការផ្ទៃក្នុងសមស្របណាមួយនឹងត្រូវបានអនុវត្ត»។
សូមជម្រាបថា បើតាមបទបញ្ជារបស់ FIFA ពាន World Cup នឹងត្រូវបានកាន់ដោយមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ ដែលរាប់បញ្ចូលទាំងកីឡាករជើងឯកពាននេះ មន្ត្រីរបស់ FIFA និងប្រមុខរដ្ឋ។
លោក Salt Bae ដែលមានឈ្មោះពិតថា Nusret Gökçe ជាចុងភៅ និងម្ចាស់ហាងសាច់គោទួរគី ដែលចាប់ផ្ដើមល្បីឈ្មោះនៅឆ្នាំ២០១៧។ តារា និងកីឡាករល្បីៗសុទ្ធតែធ្លាប់ជាភ្ញៀវរបស់លោកនាពេលកន្លងមក៕