Alynana Media Cambodia
Icon Collap
clinic narit

ធនាគារ SME នឹងសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានរបស់ SME

Media LNN | Sep 03, 2024
ធនាគារ SME នឹងសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានរបស់ SME
Clinic narith

ក្រោយមើលឃើញពីបញ្ហាប្រឈមដែលសហគ្រាសធុនតូច និងមធ្យមកម្ពុជា ពិបាកក្នុងការទទួលបានហិរញ្ញប្បទានដោយសារបញ្ហាគ្មានទ្រព្យធានានោះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាមួយសាជីវកម្មធានាឥណទានកម្ពុជា នឹងដាក់ចេញនូវកិច្ចសហប្រតិបត្តិការរួមគ្នាមួយនៅក្នុងខែកញ្ញានេះ ដើម្បីជួយសម្រួលដល់ការផ្តល់ឥណទានដល់ SME ដែលគ្មានទ្រព្យធានា អាចមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់យកទៅប្រើប្រាស់ក្នុងការពង្រឹង និងពង្រីកអាជីវកម្មរសប់ខ្លួន។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានគូសបញ្ជាក់ថា បញ្ហាទ្រព្យខ្វះបញ្ចាំ គឺជាបញ្ហាប្រឈមដ៏ចម្បងមួយនៅក្នុងចំណោមបញ្ហាប្រឈមនានា ដែលសហគ្រាសធុនតូច និងធម្យមកម្ពុជា ពិបាកក្នុងការទទួលបានហិរញ្ញប្បទានពីធានាគារ SME សម្រាប់យកទៅពង្រឹងនិងពង្រីកអាជីវកម្មរបស់ពួកគេ។ សម្រាប់បញ្ហានេះ កន្លងមកធនាគារ SME ក៏បានបង្កើតផលិតផលមួយ គឺឥណទានមិនយកទ្រព្យធានា ដើម្បីឱ្យ SME មានលទ្ធភាពទទួលបានទុនកម្ចីផងដែរ ប៉ុន្តែទំហំឥណទានដែល SME Bank អាចផ្តល់ជូនពួកគេ គឺមានក្នុងទំហំទឹកប្រាក់ត្រឹមតែ ៥ម៉ឺនដុល្លារប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះ ដើម្បីបង្កើនការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ឱ្យកាន់តែប្រសើរ ថ្នាក់ដឹកនាំរូបនេះ អះអាងថា ធនាគារសហគ្រាសធុនតូច និងមធ្យម ​កំពុងរៀបចំកិច្ចសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាដែល SME ពិបាកក្នុងការទទួលបានឥណទានពីធនាគារ ដោយសារគ្មានទ្រព្យធានានេះ។ កិច្ចសហប្រតិបត្តិការនេះនឹងអាចដាក់ឱ្យដំណើរការនៅក្នុងខែកញ្ញានេះ។ នេះបើតាមការបញ្ជាក់រសប់លោកបណ្ឌិត លឹម អូន។

​យ៉ាងណាមិញ ជុំវិញគោលការណ៍នៃការផ្តល់ឥណទានរបស់ធនាគារ SME ថ្នាក់ដឹកនាំរូបនេះបញ្ជាក់ថា ការអនុវត្ត គឺមិនខុសគ្នាពីធនាគារផ្សេងៗនោះទេ ហើយអ្វីដែលធនាគារ SME ផ្តោតសំខាន់នោះ គឺសម្រាប់តែប្រភេទអាជីវកម្ម និងមុខរបរមួយចំនួនប៉ុណ្ណោះ ពិសេស SME ស្ថិតក្នុងវិស័យកែច្នៃ និងផលិតកម្មកែច្នៃកសិ-ឧស្សាហកម្មជាដើម ពោលគឺមិនមែនសម្រាប់ SME ទូទៅទាំងអស់នោះទេ។ ម្យ៉ាងទៀត មុននឹងផ្តល់កម្ចី ធនាគារ SME ក៏មើលលើគោលបំណងនៃការប្រើប្រាស់ទុនរបស់អតិថិជនផងដែរ ដើម្បីជៀសវាងការប្រើប្រាស់ទុនខុសគោលដៅ និងខុសពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលអាចបង្កផលប៉ះពាល់ដល់ពួកគេ ពោលគឺមិនបានចូលរួមអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេហើយ ព្រមទាំងអាចបង្កើតបំណុលថែមទៀត។

​គួរជម្រាបថា បើតាមការបញ្ជាក់របស់លោកបណ្ឌិត លឹម អូន ចាប់តាំងពីរាជរដ្ឋាភិបាល បានបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម រហូតមកទល់ពេលនេះ ធនាគារ SME បានផ្តល់កម្ចីក្នុងទំហំទឹកប្រាក់ជាង៥០០លានដុល្លារ​ដល់សហគ្រាសនៅកម្ពុជា តាមរយៈយន្តការសំខាន់២ ដូចជាគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួមជាដៃគូ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តទម្លាក់កញ្ចប់ថវិកាដល់ធនាគារ SME បន្ថែមទៀតជាបន្តបន្ទាប់ សម្រាប់ផ្តល់ហិរញ្ញប្បទានជូនដល់ SME កម្ពុជា ផងដែរ៕