សហរដ្ឋអាម៉េរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្តឹងក្រុមហ៊ុនរ៉ុក្កែត និងផ្កាយរណបដែលគ្រប់គ្រងដោយមហាសេដ្ឋីលោកអេឡុនម៉ាស់ (Elon Musk) ពីបទរើសអើងអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន ពាក់ព័ន្ធនឹងរឿងជ្រើសរើសបុគ្គលិក ។
យោងតាមពាក្យបណ្តឹងរបស់ក្រសួងយុត្តិធម៌ (DOJ) បានឱ្យដឹងថា យ៉ាងហោចណាស់ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨ ដល់ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុន SpaceX ហាក់បានបំបាក់ទឹកចិត្តចំពោះអ្នកសុំសិទ្ធិជ្រកកោន និងជនភៀសខ្លួន អំឡុងពួកគេព្យាយាមដាក់ពាក្យស្នើសុំបម្រើការងារ ហើយមិនបានអើពើចំពោះបេក្ខជនដោយសារតែសញ្ជាតិរបស់ពួកគេ ដោយសកម្មភាពបែបនេះ បានក្លាយជាការរំលោភទៅលើច្បាប់អន្តោប្រវេសន៍និងសញ្ជាតិ ។
ក្រសួងយុត្តិធម៌បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងដំណឹងប្រកាសការងារ និងសេចក្តីថ្លែងការណ៍ជាសាធារណៈក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន SpaceX បានអះអាងទាំងមិនត្រឹមត្រូវថា ស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់សហព័ន្ធ ក្រុមហ៊ុន SpaceX អាចជ្រើសរើសបុគ្គលិកបានចំពោះតែបុគ្គលទាំងឡាយណាដែលជាពលរដ្ឋអាម៉េរិក និងជាអ្នករស់នៅអចិន្ត្រៃយ៍ដោយស្របច្បាប់ ឬជាអ្នកមានសិទ្ធិកាន់ "កាតបៃតង" (Green Card) ។
នាយកដ្ឋាននៃក្រសួងយុត្តិធម៌ក៏ចង្អុលបង្ហាញអំពីការបង្ហោះនៅតាមអ៊ីនធឺណិតដោយមហាសេដ្ឋីអេឡុនម៉ាស់ ថាជាឧទាហរណ៍នៃសេចក្តីថ្លែងការណ៍ជាសាធារណៈដែលមានលក្ខណៈរើសអើង ។ ដំណាលគ្នានេះ ពាក្យបណ្តឹងរបស់ក្រសួងយុត្តិធម៌ បានធ្វើការដកស្រង់យកការបង្ហោះដំណឹងជ្រើសរើសបុគ្គលិក កាលពីខែមិថុនា ឆ្នាំ ២០២០ នៅលើបណ្តាញសង្គម X (អតីតបណ្តាញសង្គម Twitter) ដោយលោកអេឡុនម៉ាស់ បាននិយាយថា "ច្បាប់របស់សហរដ្ឋអាម៉េរិក តម្រូវឱ្យមានយ៉ាងហោចណាស់កាតបៃតង (ឬ Green Card) ដើម្បីអាចទទួលបានការជ្រើសរើសមកបម្រើការនៅក្នុងក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនើបបាន" ។
ដោយឡែក ក្រុមហ៊ុន SpaceX មិនទាន់បានចេញការឆ្លើយតបភ្លាមៗណាមួយចំពោះសំណើសុំការអត្ថាធិប្បាយក្នុងករណីបណ្តឹងនេះនៅឡើយទេ។
បន្ថែមពីនេះ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិកស្វែងរកការពិចារណាដោយស្មើភាព និងប្រាក់សំណងដល់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួនដែលទទួលបានការបដិសេធការងារនៅក្រុមហ៊ុន SpaceX ដោយសារតែការរើសអើង។
ជុំវិញករណីបណ្តឹងនេះក៏អាចធ្វើការពិន័យស៊ីវិលទៅលើក្រុមហ៊ុន Space X នៅក្នុងចំនួនទឹកប្រាក់ដែលកំណត់ដោយតុលាការ និងផ្លាស់ប្តូរគោលនយោបាយរបស់ក្រុមហ៊ុន ដើម្បីប្រាកដថា ក្រុមហ៊ុនបច្ចេកវិទ្យារ៉ុក្កែតរបស់លោកអេឡុនម៉ាស់ នឹងអនុលោមតាមកាតព្វកិច្ចនៃការមិនរើសអើងស្របតាមសហព័ន្ធនាពេលខាងមុខ ៕