នគរបាលថៃ ទទួលពាក្យបណ្តឹងជិត៧ពាន់ច្បាប់ ដែលប្ដឹងក្រុមហ៊ុន The iCon Group ពីបទឆបោកត្រឹមរយៈពេល១០ថ្ងៃកន្លងមកនេះ ដោយធ្វើឱ្យក្រុមហ៊ុននេះមានការខាតបង់ប្រាក់សរុបជាង៦៨លានដុល្លារអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
អគ្គស្នងការនគរបាលជាតិរបស់ថៃ លោកឧត្ដមសេនីយ៍ គីរ៉ាត ផានផេត (Kitrat Phanphet) បានអះអាងថា ត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណោះ មានពាក្យបណ្ដឹងរហូតដល់ជិត៧ពាន់ច្បាប់ត្រូវបានដាក់នៅមជ្ឈមណ្ឌលបណ្តឹងរបស់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) និងនៅស្ថានីយ៍នគរបាលទូទាំងប្រទេស។ ពាក្យបណ្តឹង ដែលបានដាក់ប្តឹងក្រុមហ៊ុន The iCon Group ពីបទឆបោកនេះ បានទាមទារឱ្យក្រុមហ៊ុននេះសងសំណងរហូតដល់ជាង៦៨លានដុល្លារ។
បើតាមការអះអាងរបស់លោក គីរ៉ាត បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលកំណត់ត្រាហិរញ្ញវត្ថុ និងដំណើរសាច់ប្រាក់របស់ក្រុមហ៊ុនអាជីវកម្មអនឡាញមួយនេះ។ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នគរបាលបានចុះឆេកឆេរទីតាំងចំនួន១១កន្លែង ពាក់ព័ន្ធនឹងភ្នាក់ងារក្រុមហ៊ុនចំនួន១៨នាក់ ដែលត្រូវបានគេចោទប្រកាន់ពីឆបោកជាសាធារណៈ ដើម្បីរកភស្តុតាងដាក់បន្ទុកថែមទៀត។
សូមរំលឹកថា កាលពីថ្ងៃសប្តាហ៍មុន លោក វ៉ារ៉ាថាផន បូសផូល វ៉ារ៉ាតយ៉ាវ៉ូរ៉ាគុល (Warathaphon “Boss Paul” Waratyaworrakul) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន The iCon Group និងជនសង្ស័យ១៧នាក់ទៀតរួមទាំងតារាល្បីៗផងដែរនោះ ត្រូវបានចាប់ខ្លួនបញ្ជូនទៅមន្ទីរឃុំខ្លួនក្រោមការចោទប្រកាន់ពីបទឆបោកជាសាធារណៈ និងដាក់ព័ត៌មានមិនពិតទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ មកទល់ពេលនេះ មន្ត្រីអាជ្ញាធរបានរឹបអូសទ្រព្យសម្បត្តិមួយចំនួនពីជនសង្ស័យសំខាន់ៗចំនួន១៨នាក់ ហើយទ្រព្យសម្បត្តិទាំងនេះ រួមមានរថយន្តស៊េរីទំនើប និងវត្ថុមានតម្លៃផ្សេងទៀតសរុបជាទឹកប្រាកជិត១២លានដុល្លារ។
ក្រុមហ៊ុន The iCon Group គឺជាក្រុមហ៊ុនអាជីវកម្មអនឡាញដ៏លេចធ្លោមួយ ដែលផ្សព្វផ្សាយលក់ផលិតផលតាមរយៈតំណាងចែកចាយ និងភ្នាក់ងាររបស់ពួកគេ ហើយក្រុមហ៊ុននេះ ត្រូវបានចោទប្រកាន់ពីបទរៀបគម្រោងឆបោកតៗគ្នា ឬហៅថា គម្រោងឆបោកទម្រង់សាជី៕