(អន្តរជាតិ)៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានឆាបឆេះបន្ទាប់ពីបានរអិលចេញពីផ្លូវរត់ នៅឯព្រលានយន្តហោះក្រុង Chongqing នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ ទូរទស្សន៍ CCTV បាននិយាយថា អ្នកដំណើរជាច្រើននាក់បានរងរបួសស្រាល ដោយមិនមានមនុស្សគ្រោះថ្នាក់ដល់ជីវិតឡើយ។
យន្តហោះ A319-100 ត្រូវហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Chongqing Jiangbei ទៅកាន់ទីក្រុង Nyingchi នៃទីបេ បានរអិលចេញពីផ្លូវរត់បណ្តាលឱ្យយន្តហោះឆេះ។ យន្តហោះនេះមានអ្នកដំណើរ ១១៣នាក់ និងនារិក៩នាក់ ដែលត្រូវបានជម្លៀសទាន់ពេលវេលា។ នេះបើតាមការចុះផ្សាយរបស់ក្រុមហ៊ុន China Aviation Review។
ផ្សែង និងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានឆាបឆេះចេញពីតួយន្តហោះ Airbus A319 របស់ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines ខណៈ ត្រៀមហោះចេញនៅម៉ោង៨ព្រឹក ថ្ងៃទី១២ ឧសភា (ម៉ោងក្នុងតំបន់)។ ក្រុមពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបាននៅកន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង និងជម្លៀសអ្នកដំណើរ។
ការិយាល័យប្រចាំតំបន់នៃក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បាននិយាយថា «មានឧប្បត្តិហេតុមួយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនតាមក្រោយ»៕