(តូក្យូ)៖ ក្រុមហ៊ុន តូយ៉ូតា ម៉ូទ័រ (Toyota Motor) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសទី ១ នៃឆ្នាំសារពើពន្ធ កើនឡើង ១៧ភាគរយ ដោយសារតែក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ ទទួលបានការជំរុញពីកិច្ចប្រឹងប្រែងកាត់បន្ថយថ្លៃដើម និងការធ្លាក់ចុះប្រាក់យ៉េន ដែលបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះការលក់ និងបរិមាណផលិតកម្មទាបនៅក្នុងប្រទេសជប៉ុន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុត របស់ពិភពលោកមួយនេះបានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការ សម្រាប់រយៈពេលបីខែគិតពីខែមេសាដល់ខែមិថុនា មានចំនួនសរុប ១,៣ពាន់ពាន់លានយ៉េន (៨,៧ពាន់លានដុល្លារ)។
ប្រាក់ចំណេញប្រតិបត្តិការនេះ ធៀបនឹងប្រាក់ចំណេញប្រតិបត្តិការចំនួន ១,១ពាន់ពាន់លានយ៉េន ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំសារពើពន្ធមុន និងប្រាក់ចំណេញប្រតិបត្តិការជាមធ្យមចំនួន ១,៣ពាន់ពាន់លានយ៉េន ដែលត្រូវបានព្យាករដោយអ្នកវិភាគចំនួន៦ នាក់ដែលចងក្រងដោយក្រុមហ៊ុនទិន្នន័យ LSEG។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្រុមហ៊ុន Toyota បានរក្សាការព្យាកររបស់ខ្លួននៅដដែលថា នឹងទទួលបានប្រាក់ចំណេញចំនួន ៤,៣ពាន់ពាន់លានយ៉េន សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ធៀបនឹងចំនួន ៥,៣ពាន់ពាន់លានយ៉េន ជាមធ្យមនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគចំនួន១៨នាក់។
ភាគហ៊ុនរបស់ក្រុមហ៊ុន Toyota ដែលបានធ្លាក់ចុះ ៥,៥ភាគរយ មុនពេលការចេញផ្សាយប្រាក់ចំណេញប្រតិបត្តិការនេះ បានធ្លាក់ចុះបន្ថែមទៀតភ្លាមៗបន្ទាប់ពីចេញផ្សាយនេះ និងបានធ្លាក់ចុះ ៧,៦ភាគរយនៅត្រឹម ២ ៧២៥យ៉េននៅយប់ថ្ងៃព្រហស្បតិ៍ម៉ោងនៅកម្ពុជា៕