(តូក្យូ)៖ សារព័ត៌មាន Nikkei របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Toyota Motor គ្រោងនឹងផលិតរថយន្តប្រហែល ១០,៣លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ដែលជាការដំឡើងផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនរយៈពេលពីរឆ្នាំជាប់ៗគ្នា។
ក្រុមហ៊ុន Toyota កំពុងរៀបចំបង្កើនផលិតកម្ម ដោយសារការលក់រថយន្តកូនកាត់ (Hybrid) ដាច់ខ្លាំង។ កាសែត Nikkei បានរាយការណ៍ថាកង្វះខាតឧបរណ៍សឺមីកុងដាក់ទ័រ (semiconductors) សម្រាប់យានយន្ត និងសមាសធាតុផ្សេងទៀតក៏កំពុងធូរស្រាលផងដែរ។
សេចក្ដីរាយការណ៍ដដែលបានបន្ថែមថា សម្រាប់ផែនការរយៈពេលមួយឆ្នាំដែលបញ្ចប់នៅដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះផងដែរ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះមានគោលបំណងផលិតរថយន្តចំនួន ៣,៤លានគ្រឿងនៅក្នុងប្រទេសជប៉ុន និងរថយន្តចំនួន ៦.៩លានគ្រឿងនៅក្រៅប្រទេស៕