ភ្នំពេញៈ អង្គការផ្សព្វផ្សាយទេសចរណ៍បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក (TPO) បានវាយតម្លៃទីក្រុងសំខាន់ៗមួយចំនួនរបស់កម្ពុជាដែលមានសក្តានុពលទេសចរណ៍ថា អាចក្លាយជាសមាជិកអង្គការនេះដែលនឹងធ្វើឱ្យកម្ពុជាទទួលបានគុណប្រយោជន៍យ៉ាងច្រើនពីការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ទៅកាន់អន្តរជាតិ។
តាមរយៈក្រសួងទេសចរណ៍នៅថ្ងៃទី ១៨ ខែមិថុនា បានឱ្យដឹងថា ការវាយតម្លៃនេះ ត្រូវបានលើកឡើងដោយផ្ទាល់ចេញពីលោក វូ ឃ្យុងហា (WOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៊ីប៉ាស៊ីហ្វិក (TPO) ក្នុងពេលជួបពិភាក្សាការងារជាមួយនឹងលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នៅភ្នំពេញ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា៖ «ទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជាដែលមានសក្ដានុពលទេសចរណ៍ ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម ត្រូវបានវាយតម្លៃថា អាចក្លាយជាសមាជិកអង្គការ TPO ដែលនឹងទទួលបានប្រយោជន៍យ៉ាងច្រើនផ្នែកផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ទៅកាន់អន្តរជាតិ»។
នាជំនួបនោះ លោកវូ ឃ្យុងហា បានកោតសរសើរចំពោះការគ្រប់គ្រង ការអភិវឌ្ឍនៅតាមបណ្ដាទីក្រុងមួយចំនួនរបស់កម្ពុជា ដោយលោកបានបញ្ជាក់ថា៖ «គុណប្រយោជន៍ដែលបានពីការចូលជាសមាជិកអង្គការ TPO នេះ គឺជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅតាមទីក្រុងជាសមាជិកទាំងនោះទៅកាន់បណ្ដាញក្នុងអង្គការ និងទៅកាន់ពិភពលោក»។
លោកបានបន្តថា៖ «ចាំបាច់ផងដែរក្នុងការអនុញ្ញាតឱ្យរដ្ឋបាលក្រុងសមាជិកនីមួយៗអាចផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិវឌ្ឍ ការគ្រប់គ្រង ការរៀបចំសោភណភាព ការពង្រីកសក្ដានុពលទេសចរណ៍ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានាពីគ្នាទៅវិញទៅមក»។
លោកវូ ឃ្យុងហា បានបន្តថា អង្គការលោកនឹងអាចអញ្ជើញតំណាងរដ្ឋបាលទីក្រុងសំខាន់ៗរបស់កម្ពុជាចូលរួមក្នុងមហាសន្និបាតរបស់អង្គការដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងឃ្យុងយូ ប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាបេក្ខភាពទីក្រុងសង្កេតការណ៍។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើមានការវាយតម្លៃត្រឹមត្រូវគ្រប់លក្ខខណ្ឌនោះទីក្រុងសំខាន់ៗរបស់កម្ពុជាទាំងនេះនឹងអាចក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ TPO តែម្ដង»។
យោងតាមអង្គការ (TPO) បច្ចុប្បន្នមានទីក្រុងអាស៊ានមួយចំនួនបានចូលជាសមាជិកអង្គការ TPO ដូចជា ប្រទេសវៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត ដោយប្រទេសខ្លះមានទីក្រុងលើសពី ១០ ដែលបានចូលជាសមាជិកនេះ។
នាឱកាសនោះ លោកថោង ខុន ក៏បានទទួលស្វាគមន៍ចំពោះការលើកឡើងនេះ និងបានប្រគល់ការងារមកអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ សហការជាមួយលេខាធិការដ្ឋានរបស់អង្គការ TPO ក្នុងការបន្តការងារពាក់ព័ន្ធផ្សេងទៀតដើម្បីផលប្រយោជន៍ក្នុងវិស័យទេសចរណ៍កម្ពុជា និងទីក្រុងសំខាន់ៗរបស់កម្ពុជាផងដែរ។
ទាក់ទងនឹងការវាយតម្លៃរបស់ TPO នេះ លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានថ្លែងថា ប្រសិនបើការចូលជាសមាជិករបស់អង្គការ TPO របស់កម្ពុជាមិនមានបង់លុយ តែជាការចងសម្ព័ន្ធភាព លោកថាពិតជាល្អ ពីព្រោះវាការរួមចំណែកក្នុងការផ្សព្វផ្សាយពីទីក្រុងរបស់កម្ពុជាទៅកាន់ទីក្រុងសមាជិកអង្គការ TPO។
លោកបានបន្តថា ទីក្រុងកម្ពុជាទាំងនោះ ពិតជាស័ក្តិសមឱ្យអង្គការ TPO នេះ បានជ្រើសរើសយកចូលជាសមាជិករបស់ខ្លួន ព្រោះដោយសារមុននឹងអង្គការនេះជ្រើសរើសចូលជាសមាជិកគឺគេបានដឹងពីសក្ដានុពលវិស័យទេសចរណ៍តាមទីក្រុងទាំងនេះរបស់កម្ពុជារួចហើយ។
លោកហូ វណ្ណឌី បញ្ជាក់ថា៖ «ប្រសិនបើទីក្រុងរបស់យើងបានចូលជាសមាជិកអង្គការ TPO ហ្នឹង វាពិតជាល្អណាស់ ពីព្រោះវាបានជួយផ្សព្វផ្សាយអំពីទីក្រុងរបស់កម្ពុជាទៅគេ និងពីទីក្រុងគេមកកម្ពុជាយើងវិញដែរ»។
ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏បានថ្លែងថា ប្រសិនបើខេត្តព្រះសីហនុ បានចូលជាសមាជិកអង្គការ TPO នេះ វាប្រាកដជាល្អដែលនឹងធ្វើឱ្យខេត្តបានភ្ជាប់ជាមួយបណ្ដាទីក្រុងផ្សេងៗនៅលើពិភពលោក។
ក្រៅពីនោះ លោកជឿថា វាអាចនឹងមានការជួយជាបច្ចេកទេសថែមទៀតដើម្បីឱ្យអ្នកមានជំនាញបច្ចេកទេសផ្ដល់បទពិសោធន៍ឬក៏ជួយគ្នារកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្សេងៗក្នុងវិស័យទេសចរណ៍។
លោក ឌីម៉ង់ បានថ្លែងថា៖ «ប្រសិនបើទីក្រុងជាច្រើនរួមគ្នាក្នុងអង្គការ TPO នេះ ខ្ញុំគិតថាទោះជាយ៉ាងណាក៏បានជួយគ្នា និងការផលិតបាននូវផលិតផលទេសចរណ៍ទាំងរបស់យើង និងរបស់គេដែរ ដែលមានន័យថា គេមកធ្វើទេសចរណ៍ស្រុកយើង យើងទៅធ្វើទេសចរណ៍នៅស្រុកគេវិញ៕