បាតុកម្មនៅពេលថ្ងៃក្នុងសប្តាហ៍ទីមួយនៃខែមិថុនានៅទូទាំងស.រ.អា.បានប្រព្រឹត្តទៅដោយសន្តិវិធី ដោយភាគច្រើន។ ពួកបាតុករទាំងនេះមកពីក្រុមជនចម្រុះពូជសាសន៍ក្នុងស្រទាប់វណ្ណៈទាំងអស់ ទាំងចាស់ទាំងក្មេង។ ក្រុមបាតុករទាំងនេះមានរួមបញ្ចូលពួកម្តាយដែលព្រួយបារម្ភថា អ្វីដែលបានកើតមានឡើងចំពោះលោក George Floyd អាចកើតមានចំពោះកូនប្រុសរបស់ពួកគេ។ លោក George Floyd ដែលជាបុរសអាមេរិកាំងដើមកំណើតអាហ្វ្រិកបានស្លាប់នៅក្នុងការចាប់ខ្លួនដោយពួកប៉ូលិស ក្រោយពីប៉ូលិសស្បែកសម្នាក់បានយកជង្គង់សង្កត់កលោកជាង៨នាទី។
ក៏ប៉ុន្តែក្នុងពេលច្រើនយប់ចាប់តាំងពីការស្លាប់លោក Floyd មក បាតុកម្មមានភាពខុសប្លែកពីបាតុកម្មដោយសន្តិវិធីគឺមានការបំផ្លិចបំផ្លាញការដុតឱ្យមានអគ្គិភ័យ ការបំផ្លាញរបស់របរ និងការប៉ះទង្គិចជាមួយពួកប៉ូលិសផងដែរ។ ដោយឡែកមានឧប្បត្តិហេតុការបាញ់ប៉ូលិសទៀតផង។ ពួកបាតុករបានបន្ទោសពួកប៉ូលិសថា ប្រើកលយុទ្ធខ្លាំងជ្រុលហើយថា ពួកគេការពារខ្លួនឯង។
តើនរណានៅពីក្រោយអំពើហិង្សាទាំងនេះ?
លោកប្រធានាធិបតី Donald Trump និងពួកមន្ត្រីជាន់ខ្ពស់ខ្លះរបស់លោកបានចោទប្រកាន់ពួកអ្នកញុះញង់ «ឆ្វេងនិយមជ្រុល» ថាបានបណ្តាលឱ្យមានការច្របូកច្របល់វក់វីទាំងនេះ។ លោក Bill Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកាំង បានចោទប្រកាន់ «ពួកឆ្វេងនិយមជ្រុល»ដោយមានរួមបញ្ចូលពួក Antifa ដែលជាបណ្តាញមួយនៃពួកឆ្វេងនិយមជ្រុលស្វយ័តដែលចូលចិត្តការប្រទាំងប្រទើស។អង្គការ Counter Extremism Project ជាអង្គការខាងគោលនយោបាយអន្តរជាតិមួយដែលបានត្រូវបង្កើតឡើងដើម្បីតាមឃ្លាំមើលនិងប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម។ ពួកអ្នកស្រាវជ្រាវរបស់អង្គការនេះនិយាយថាពួកស្បែកសដែលយល់ថាពួកគេមានឧត្តមភាពនិងពួក Nazis ថ្មីបានបង្កភាពច្របូកច្របល់វក់វីកាលពីសប្តាហ៍ទីបួននៃខែឧសភានៅតាមដងផ្លូវ។ ក្នុង តេឡេក្រាមរបស់ពួក Nazis ថ្មីដែលជាក្រុមឃោរឃៅហើយដែលមានអ្នកដើរតាម៥ពាន់៥រយនាក់នោះត្រូវបានគេរាយការណ៍ថា បានទទួលការណែនាំថា បាតុកម្មធំជាឱកាសល្អសម្រាប់ធ្វើឃាតកម្ម។ អង្គការ Counter Extremism Project ឲ្យដឹងថា តេឡេក្រាមមួយទៀតបាននិយាយថា «ដល់ពេលធ្វើការវាយប្រហារវិហារ synagogues របស់ពួកជ្វីបហើយ ព្រោះពួកអ្នកពង្រឹងច្បាប់កំពុងជាប់ដៃទប់ទល់ជាមួយចលាចលស៊ីវិលបះបោរ»។
ក៏ប៉ុន្តែគេដឹងមិនច្បាស់លាស់ទេថា តើពួកឆ្វេងនិយមជ្រុល ឬពួកស្តាំនិយមជ្រុលនេះអាចបង្កើតឱ្យមានអំពើហិង្សាដល់កម្រិតណា៕