Alynana Media Cambodia
Icon Collap
clinic narit

ចំណុច​សំខាន់ៗ​ពី​ការ​ជជែក​ដេញដោល​ចុងក្រោយ​រវាង​លោក Trump និង​លោក Biden

Sang Kim | Oct 23, 2020
ចំណុច​សំខាន់ៗ​ពី​ការ​ជជែក​ដេញដោល​ចុងក្រោយ​រវាង​លោក Trump និង​លោក Biden
Clinic narith

វ៉ាស៊ីនតោន — 

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​អតីត​អនុប្រធានាធិបតី​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​តតាំង​គ្នា​ជា​លើក​ចុងក្រោយ​ ដោយ​ជជែក​ដេញដោល​គ្នា​អំពី​គោលនយោបាយ​និង​គោល​ជំហរ​រៀងៗខ្លួន ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​រួមមាន វិបត្តិ​ជំងឺ​កូវីដ១៩ សេដ្ឋកិច្ច សន្តិសុខជាតិ ការ​រើស​អើង​ជាតិសាសន៍ ការ​ប្រែប្រួល​អាកាសធាតុ និង​ភាពជាអ្នកដឹកនាំ។

បន្ទាប់​ពី​លោក Trump និង​លោក Biden បាន​បង្ហាញ​ខ្លួន​នៅ​លើ​វេទិកា​ជជែក​ដេញដោល​គ្នា​ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ Belmont ក្នុង​ទីក្រុង Nashville រដ្ឋ​Tennessee អ្នកស្រី Kristen Welker អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន NBC ដែល​ជា​អ្នក​សម្រប​សម្រួល​ការ​ជជែក​គ្នា​លើក​ចុង​ក្រោយ​នេះ បាន​បើក​វេទិកា​ពិភាក្សា​គ្នា​នេះ​ដោយ​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​បំផុត​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​បេក្ខជន​ទាំង​ពីរ។

 

វិបត្តិ​ជំងឺ​កូវីដ​១៩

លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​បាន​«សម្រប​ខ្លួន​រស់នៅ​ជាមួយ​វិបត្តិនេះ​[ជំងឺ​កូវីដ១៩] យើង​មិនមាន​ជម្រើស​អ្វី​ក្រៅ​ពី​នេះ​ទេ» បន្ថែម​លើ​អ្វី​ដែល​រដ្ឋបាល​របស់​លោក​បាន​ធ្វើ​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Trump ក៏​បាន​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ដាក់​លោក Biden ដោយ​ចោទ​ថា លោក Biden បាន​ប្រឈម​នឹង​ជំងឺ​នេះ ដោយ​លាក់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក។ លោក Trump បាន​ថ្លែង​ថា៖ «យើង​មិនអាច​លាក់​ខ្លួន​ក្នុង​បន្ទប់​ក្រោម​ដី ដូច Joe ទេ។ គាត់​មាន​លទ្ធភាព​នៅ​ក្នុង​ផ្ទះ។ គាត់​ច្បាស់ជា​មាន​លុយ​ច្រើន​។ ប៉ុន្តែ ពលរដ្ឋ​មិន​អាច​ធ្វើ​ដូច្នេះ​ទេ»។

លោក Biden បាន​វាយ​បក​វិញ​ដោយ​ថ្លែង​ថា៖ «ការ​ពិត​ទៅ នៅ​ពេល​យើង​ដឹង​ថា វា [វីរុស] នេះ​ចាប់ផ្តើម​រាតត្បាត នៅ​ពេល​វា​មក​ដល់​ទី​នេះ មាន​រឿង​អី​កើត​ឡើង? តើ​លោក​ប្រធានាធិបតី​បាន​និយាយ​យ៉ាង​ដូចម៉េច? លោក​ថា កុំ​បារម្ភ​អី វីរុស​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​បុណ្យ Easter [ខែ​មេសា] នៅពេល​អាកាសធាតុ​ក្តៅ»។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ នៅ​សហរដ្ឋ​អាមេរិក មនុស្ស​ប្រមាណ ​៨ លាន ៤ សែន​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ ១៩ ហើយ​មនុស្ស​ប្រមាណ ២ សែន ២ ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក។AE3DC2D5-11FE-4F7F-A3E5-E491160EBFDE

កម្មវិធី​ធានារ៉ាប់រង​សុខភាព

ទាំង​លោក Trump និង​លោក Biden បាន​ព្យាយាម​លើក​ឡើង​ពី​គោលនយោបាយ​របស់​ខ្លួន​អំពី​ការ​ធានារ៉ាប់​រង​សុខភាព ដែល​ពលរដ្ឋ​អាមេរិកាំង​ត្រូវការ​ចាំ​បាច់​ដើម្បី​ទទួល​បាន​សេវា​សុខភាព​ក្នុង​តម្លៃ​សមរម្យ។

លោក​ Biden បាន​លើក​យក​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព ​Affordable Care Act នៅ​ពេល​ដែល​លោក Trump បាន​ចោទ​ថា​លោក Biden គាំទ្រ​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​បែប «សង្គម​និយម»។ នេះ​បើ​យោង​តាមកាសែត The New York Times។

នៅ​ពេល​សួរ​ថា​ តើ​លោក​នឹង​ចាត់​វិធានការ​អ្វី បើសិន​ជា​តុលាការ​កំពូល​សម្រេច​លុបចោល​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព Affordable Care Act ដែល​គេ​ហៅ​ក្រៅ​ថា Obamacare នោះ ខណៈ​ដែល​លោក Trump សន្យា​ថា​ លោក​ចង់​លុប​កម្មវិធី​នេះ​ចោល​នោះ លោក Biden បាន​ថ្លែង​ថា លោក​នឹង «អនុម័ត​ឲ្យ​កម្មវិធី Obamacare ដោយ​មានជម្រើស​សាធារណៈ»។​

លោក Biden ក៏​បាន​វាយ​ប្រហារ​លើ​ផែនការ​សុខភិបាល​របស់​លោក Trump ដែល​លោក Trump មិន​បានបង្ហាញនៅ​ឡើយ​នោះ។ លោក Biden បាន​ថ្លែង​ថា៖ «គាត់ [លោក Trump] បាន​និយាយ​ពី​រឿង​នេះ​យូរ​មក​ហើយ ប៉ុន្តែ​លោក​មិន​មាន​ផែនការ​អី​ទេ»។

ជា​ការ​ឆ្លើយ​តប លោក Trump បាន​ថ្លែង​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ចោទ​លោក Biden ថា​បាន​គាំទ្រ​កម្មវិធី​រ៉ាប់រង​សុខភាព​«បែប​សង្គម​និយម» ហើយ​ថា អ្នក​ស្រី Kamala Harris ដែល​ជា​បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ត្រូវ​ជា​ដៃគូ​របស់​លោក Biden គឺជា​អ្នក​ដែល​មាន​ជំហរ​បែប «សេរី​និយម​ជាង​លោក Bernie Sanders» ទៅ​ទៀត​ ពាក់ព័ន្ធ​នឹង​គោលនយោបាយ​សុខាភិបាល។

 

សន្តិសុខ​ជាតិ

នៅក្នុង​ការ​ជជែក​ដេញដោល​នេះ លោក​ប្រធានាធិបតី​ Donald Trump បាន​ថ្លែង​ថា រដ្ឋបាល​របស់​លោក Obama បាន​បន្សល់​ទុក​ស្ថានភាព​ «ច្របូកច្របល់» នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េខាងជើង ឲ្យ​លោក Trump ដោះស្រាយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន AP។

លោក Trump បាន​អះអាង​ថា​ លោកបាន​បញ្ចៀស​សង្គ្រាម​មួយ​ដែល​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​មនុស្ស​រាប់លាន​នាក់ ដោយ​អះអាង​ថា លោក​ Barack Obama បាន​ប្រាប់​រូបលោក​ថា លោក​ត្រូវ​ចាត់​ទុក​គ្រោះថ្នាក់​ដែល​អាច​បង្ក​ឡើង​ដោយ​លោក Kim Jong Un ថា​ជា​ការគំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដល់​សន្តិសុខ​ជាតិ។​

លោក Biden បាន​ឆ្លង​តប​វិញ​ថា លោក​ Trump បាន​ធ្វើ​ឲ្យ​«ជន​ឧក្រិដ្ឋ» ត្រូវបាន​«ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់» ដោយ​ជួប​និង​បង្កើត​ទំនាក់​ទំនង​ជាមួយ​លោក Kim Jong Un។

លោក Trump បាន​វាយ​បក​ទៅវិញ​ថា លោក Kim Jong Un «មិន​ចូលចិត្ត​លោក Obama» ទេ ហើយ​លោក​ Trump ក៏​បាន​ទទូច​ថា «ការ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ដទៃ​ទៀត​គឺជា​រឿង​ល្អ»។

យ៉ាងណាមិញ លោក Biden បាន​ឆ្លើយ​តប​វិញ​ថា សហរដ្ឋ​អាមេរិក «មាន​ទំនាក់​ទំនង​ល្អ​ជាមួយ Hitler» មុន​ពេល​ការ​ឈ្លានពាន​ដែល​បាន​បណ្តាល​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី ២។

F4AB636C-0E7D-489B-8CCE-0EC681786912

ការ​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​អះអាង​ថា​ ប្រទេស​ណា​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​ជ្រៀត​ជ្រែក​ក្នុង​ដំណើរ​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​ទទួល​រង​ផល​លំបាក​វិញ បើ​សិន​ជា​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។

លោក Biden បាន​ថ្លែង​ថា៖ «ប្រទេស​ទាំង​នោះ​កំពុង​ជ្រៀតជ្រែក​អធិបតេយ្យភាព​របស់​សហរដ្ឋ​អាមេរិក»។

មន្ត្រី​អាមេរិក​បាន​រាយការណ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុម​ hacker រុស្ស៊ី បាន​លួច​ចូលកាន់កាប់​ប្រព័ន្ធ​កុំព្យូទ័រ​របស់​រដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក ដោយ​បាន​លួច​ទិន្នន័យ​ពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​យ៉ាង​ហោច​ណាស់ ២។

មន្ត្រី​ទាំង​នោះ ក៏​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង ថា​បាន​នៅ​ពី​ក្រោយ​ការ​ផ្ញើ​អ៊ីមែល​ដែល​មាន​ខ្លឹមសារ​បែប​កំហឹង ទៅកាន់​ក្រុម​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ដែល​ការ​គាំទ្រ​រវាង​លោក Trump និង​លោក Biden មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា ក្នុង​គោល​បំណង​បំភិត​បំភ័យ​អ្នក​បោះឆ្នោត​ទាំង​នោះ ឲ្យ​បោះឆ្នោត​ជូន​លោក​ប្រធានាធិបតី Donald Trump។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​ការ​ជជែក​ដេញដោល​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា គ្មាន​ប្រធានាធិបតី​ណា​ដែល​បាន​ចាត់វិធានការ​តឹងរ៉ឹង​លើ​រុស្ស៊ី តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម និង​ជំរុញ​ឲ្យ​មាន​ការ​ចំណាយ​លើ​កម្លាំង​យោធា​ដោយ​អង្គការ NATO ដូច​អ្វី​ដែលរូប​លោក​បាន​ធ្វើ​នោះ​ទេ។

 

សេដ្ឋកិច្ច

បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AP នៅ​ក្នុង​ការ​ជជែក​ដេញដោល​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទាំង​លោក Trump និង​លោក Biden ត្រូវបាន​ចោទ​សួរ​ពី​គោលជំហរ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​តាម​ច្បាប់​សហព័ន្ធ។ បច្ចុប្បន្ន ប្រាក់​បៀរវត្សរ៍​អប្បបរិមា​ស្ថិត​ក្នុង​ទឹកប្រាក់​ចំនួន ៧ ដុល្លារ ២៥សែន ក្នុង​រយៈពេល​មួយ​ម៉ោង។

លោក Biden បាន​លើក​ឡើង​ថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ប្រាក់​ម៉ោង​អប្បបរិមា​ចំនួន ១៥ដុល្លារ សម្រាប់​ការងារ​ក្នុង​រយៈពេល​មួយ​ម៉ោង ហើយ​ថា ​ការ​ធ្វើ​ដូច្នេះ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ខ្នាត​តូច​នោះទេ។

លោក Biden បាន​ថ្លែង​ថា៖ «មិនមាន​ភស្តុតាង​ដែល​ថា នៅពេល​យើង​ដំឡើង​ប្រាក់​បៀរវត្សរ៍​អប្បបរិមា នោះ​អាជីវកម្ម​ខ្នាត​តូច​នឹង​ដួល​រលំ​នោះទេ»។

លោក​ប្រធានាធិបតី Trump បាន​អះអាង​ថា ការ​កំណត់​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​គួរតែ​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​តាម​រដ្ឋ​ជា​អ្នក​សម្រេច។

លោក​ថ្លែង​ថា៖ «តើ​អ្នក​ជួយ​អាជីវកម្ម​ខ្នាត​តូច​បែប​ម៉េច បើ​អ្នក​បង្ខំ​ឲ្យ​ពួកគេ​ដំឡើង​ប្រាក់​បៀរវត្សរ៍​ដល់​បុគ្គលិក? អ្វី​ដែល​នឹង​កើត​ឡើង​ហើយ​ដែល​ត្រូវបាន​បង្ហាញ​ថា​បាន​កើត​ឡើង​គឺថា បើ​យើង​ដំឡើង​ប្រាក់​បៀរវត្សរ៍ នោះ​អាជីវកម្ម​ខ្នាត​តូច​ទាំង​នោះ នឹង​បញ្ឈប់​បុគ្គលិក​ជាច្រើន​នាក់​ពី​ការងារ»។

អន្តោប្រវេសន៍

នៅ​ក្នុង​ការ​ជជែក​ដេញដោល​ជា​លើក​ចុង​ក្រោយ​នេះ បញ្ហា​អន្តោប្រវេសន៍​ត្រូវបាន​ចោទ​សួរ​ទៅ​កាន់​លោក Trump និង​លោក Biden ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ឆ្លង​ព្រំដែន​ពី​ប្រទេស​ម៉ិកស៊ិក​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ការពារ​ចំណាត់ការ​របស់​រដ្ឋបាល​លោក ​ពាក់ព័ន្ធ​នឹង​ការបំបែកបំបាក់​កុមារ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ដែល​ជា​ជន​អន្តោប្រវេសន៍ ដែល​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ព្រំដែន​អាមេរិក​-ម៉ិកស៊ិក។

លោក​បាន​ថ្លែង​ថា កុមារ​ទាំង​នោះ​ជាញឹកញាប់​ត្រូវបាន​«ឈ្មួញ​ជួញដូរ​មនុស្ស និង​មនុស្ស​គំនិត​អាក្រក់​គ្រប់​ប្រភេទ» ឲ្យ​ឆ្លង​ព្រំដែន ​មិន​មែន​មក​ជាមួយ​ឪពុក​ម្តាយ​របស់​ពួក​គេ​នោះ​ទេ។​

អង្គការ​សម្ព័ន្ធ​សិទ្ធិ​ពលរដ្ឋ​អាមេរិក (ACLU) បាន​ប្រាប់​ចៅក្រម​អន្តោប្រវេសន៍​ម្នាក់​នៅក្នុង​សប្តាហ៍​នេះ​ថា កុមារ​យ៉ាងហោច​ណាស់ ៥៤៥នាក់ ត្រូវបាន​បំបែក​ចេញ​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ចាប់តាំង​ពី​ឆ្នាំ ២០១៨​ មក។

លោក​ Trump បាន​ថ្លែង​ថា រដ្ឋបាល​របស់​លោក​បាន​សង់​រនាំង​ព្រំដែន​ប្រវែង​ជាង ៦៤០គីឡូម៉ែត្រ តាម​ការ​សន្យា​របស់​លោក។ លោក​ក៏​បាន​ថ្លែង​ថា «ពួកគេ​បាន​សង់​ទ្រុង» ដោយ​សំដៅ​លើ​សំណង់​ដែល​ត្រូវបាន​សាងសង់​ឡើង​ក្នុង​អំឡុង​រដ្ឋបាល​លោក Obama។ ទ្រុង​ទាំងនោះ ត្រូវបាន​បង្ហាញ​នៅ​ក្នុង​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ជា​ច្រើន ក្នុង​អំឡុង​ពេល​ឃុំខ្លួន​កុមារ​អន្តោប្រវេសន៍​ដោយ​បំបែក​ពួកគេ​ពី​ឪពុកម្តាយ។​

លោក Biden បានច្រានចោល​ការ​លើក​ឡើង​របស់​លោក Trump ដោយ​អះ​អាង​ថា កុមារ​ទាំង​នោះ «ត្រូវបាន​បំបែក​ចេញ​ទាំង​បង្ខំ​ពី​» ក្រុមគ្រួសារ​របស់​ពួកគេ​នៅឆ្នាំ ២០១៨។ ដូច​អ្វី​ដេល​លោក​បាន​លើក​ឡើង​តាំងពី​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត លោក Biden បាន​ការពារ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋបាល​លោក Obama ដោយ​ទទួល​ស្គាល់​ថា «វា​ចំណាយ​ពេលវេលា​ច្រើន​ ដើម្បី​ធ្វើ​កិច្ចការ​ដែល​ត្រូវ»។

235A6981-C321-4CF8-95AE-9C97E3F96318

បញ្ហា​ជាតិ​សាសន៍

សារព័ត៌មាន Washington Post រាយការណ៍​ថា បេក្ខជន​ទាំង​ពីរ​បាន​ឆ្លើយ​សំណួរ​អំពី​បញ្ហា​ជាតិ​សាសន៍ អំពី​ការណ៍​ឪពុក​ម្តាយ​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ ​ឬ​ស្បែក​ស្រអែម​ ត្រូវ​ពន្យល់​ដល់​កូនៗ​របស់​ពួក​គេ ​អំពី​មូលហេតុ​ដែល​ពួក​គេ​បាន​ក្លាយ​ជា​គោលដៅ​របស់​មន្ត្រី​ពង្រឹង​ច្បាប់​អាមេរិក​ ក្នុង​កាលៈទេសៈផ្សេងៗ។

លោក Biden បាន​ទទួល​ស្គាល់អំពី​ការ​សន្ទនា​ដ៏​លំបាក​ដែល​ឪពុក​ម្តាយ​ត្រូវនិយាយ​ជាមួយ​កូន​ដោយ​លោក​ទទួល​ស្គាល់​ថា «មាន​ការ​រើសអើង​ជាតិសាសន៍​ជា​លក្ខណៈ​ស្ថាប័ន នៅ​សហរដ្ឋ​អាមេរិក »។​

នៅ​ពេល​លោក ​Trump ត្រូវ​សួរ​ថា​តើ​លោកយល់​ពី​មូលហេតុ​ដែល​ឪពុកម្តាយ​ទាំង​នេះ​បារម្ភ​អំពី​កូនៗ​របស់​ពួក​គេ​នោះ​ទេ លោក​ Trump ឆ្លើយ​ដោយ​ខ្លី​ថា «បាទ ខ្ញុំ​យល់»។ បន្ទាប់​មក​ លោក Trump បាន​វាយប្រហារ​ទៅ​លើ​សាវតារ​របស់​លោក Biden ទាក់ទង​ទៅ​នឹង​រឿង​នេះ ដោយ​លោក​ Trump បាន​លើក​ពី​ច្បាប់​ឧក្រិដ្ឋកម្ម​ដ៏​ចម្រូងចម្រាស​មួយ ​នៅ​ឆ្នាំ​ ១៩៩៤ ដែល​លោក​ Biden បាន​គាំទ្រ។ លោក Trump ក៏បាន​ការពារ​វិធានការ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​មួយ​ដែល​លោកបាន​គាំទ្រ។​

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ​ លោក Trump បាន​ប្រកាស​ថា៖ «ខ្ញុំ​ជា​បុគ្គល​មាន​ការ​រើសអើង​ជាតិសាសន៍​តិច​ជាង​គេ​បំផុត​ នៅ​ក្នុង​បន្ទប់​នេះ»។ កន្លង​មក​លោក Trump បាន​រង​ការ​រិះគន់​ជា​ច្រើន​ចំពោះ​វោហាសាស្ត្រ​ប្រឆាំង​ជន​អន្តោប្រវេសន៍ និង​ប្រឆាំង​ជន​មូស្លីម។

ប៉ុន្តែ​លោក​Biden បាន​ឆ្លើយ​វាយ​ប្រហារ​លោក Trump ថា៖ «គាត់ [Trump]​ គឺជា​អ្នក​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​រាល់​បញ្ហា​រើសអើង​ជាតិ​សាសន៍»។

E09CB302-81A0-4460-A57F-C191C696F93D

 

បញ្ហា​ថាមពល​ស្អាត

លោក Joe Biden និងលោក Donald Trump បាន​ខ្វែង​គំនិត​គ្នា​អំពី​ការ​ពឹង​ផ្អែក​របស់​សហរដ្ឋអាមេរិក​ទៅលើ​ថាមពល​ប្រេង​កាត ហើយ​អ្វី​ដែល​ត្រូវធ្វើ​នៅពេល​អនាគត ដើម្បី​កាត់​បន្ថយ​ផ្សែង​ពុល។

ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា ក្នុង​អំឡុង​ការ​ជជែក​ដេញ​ដោយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក Biden ថា សហរដ្ឋអាមេរិក​ត្រូវស្រវ៉ា​ចាប់​យក​ថាមពល​ស្អាត​និង​ជា​បន្តិច​ម្តងៗ ត្រូវងាក​ចេញពី​ការ​ប្រើប្រាស់​ប្រេងកាត។

លោក Trump បានឆ្លើយ​កាត់​វិញ​យ៉ាង​ឆាប់​ថា «នេះជា​សម្តីធំ​ណាស់» ហើយ​ថា​ លោក​ឆ្ងល់​ថា តើ​អ្នក​បោះឆ្នោត​នៅតាម​បណ្តារដ្ឋ​ដែល​ផលិត​ប្រេង​ដូចជា Texas, Oklahoma និង Pennsylvania កំពុង​ស្តាប់​ឮ​សម្តី​លោក Biden ទេ។

លោក Biden ឆ្លើយតប​វិញ​ថា ផែនការ​ថាមពល​របស់​លោក​មាន​ចំណុច​លម្អិត​ច្រើន មិន​ដូចការ​រៀបរាប់​របស់​លោក Trump ទេ ហើយ​លោក​សង្កត់ធ្ងន់​ថា ការ​ងាក​ចេញ​ពី​ពឹង​ផ្អែកលើ​ថាមពល​ប្រេងកាត​នឹង​ត្រូវធ្វើ​បន្តិច​ម្តងៗ៕

ប្រភព:VOA