ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC កាលពីថ្ងៃអង្គារបានសន្យាថា នឹងបញ្ចេញទុន ៣ពាន់៨រយលានដុល្លារសម្រាប់រោងចក្រមួយនៅប្រទេសអាល្លឺម៉ង់ ដែលជារោងចក្រដំបូងគេនៅតំបន់អឺរ៉ុបរបស់ក្រុមហ៊ុននេះ និងទទួលបានប្រយោជន៍ជាច្រើនពីការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ខណៈក្រុមហ៊ុនតៃវ៉ាន់មួយនេះ គ្រោងនឹងចំណាយទុនវិនិយោគដល់ ១១ពាន់លានដុល្លារប្រាក់សម្រាប់រោងចក្រផលិតបន្ទះឈីបនៅអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយចំនួន។
រោងចក្រផលិតឈីបនៅអាល្លឺម៉ង់របស់ក្រុមហ៊ុន TSMC គឺជារោងចក្រទី៣ របស់ក្រុមហ៊ុននេះ ដែលមានមូលដ្ឋានផលិតកម្មនៅក្រៅកោះតៃវ៉ាន់ និងប្រទេសចិន។ រោងចក្រថ្មីៗនេះ ក៏ជាចំណុចស្នូលនៃមហិច្ឆតារបស់ទីក្រុងប៊ែកឡាំងក្នុងការជំរុញឧស្សាហកម្មបន្ទះឈីបក្នុងស្រុកដែលឧស្សាហកម្មផលិតរថយន្តរបស់ខ្លួនត្រូវការ ដើម្បីរក្សាការប្រកួតប្រជែងជាសកល។
សហភាពអឺរ៉ុបបានអនុម័តច្បាប់មួយស្ដីអំពី បន្ទះឈីបបស់អឺរ៉ុប ដែលជាផែនការឧបត្ថម្ភធនប្រមាណ ៥០ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតបន្ទះឈីបរបស់ខ្លួនទ្វេដងនៅឆ្នាំ២០៣០ក្នុងបំណងតាមឱ្យទាន់តំបន់អាស៊ី និងសហរដ្ឋអាមេរិក បន្ទាប់ពីការប្លុងអឺរ៉ុបបានរងនូវការខ្វះខាតបន្ទះឈីប និងតម្លៃកើនខ្ពស់ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ បានបង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតម៉ាស៊ីនជាច្រើន។
មន្ត្រីអាល្លឺម៉ង់បាននិយាយថា អាល្លឺម៉ង់បានតាមបញ្ចុះបញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីប TSMC ដែលជាក្រុមហ៊ុនទទួលបានកិច្ចសន្យាច្រើនជាងគេបំផុតក្នុងពិភពលោកមួយនេះ តាំងពីឆ្នាំ២០២១មកម្ល៉េះ ហើយថាអាល្លឺម៉ង់នឹងបរិច្ចាគថវិការហូតដល់ជាង ៥ពាន់លានដុល្លារដល់រោងចក្របន្ទះឈីបនេះ ដែលគ្រោងនឹងសាងសង់នៅក្នុងទីក្រុងដ្រេដិន (Dresden) នៅរដ្ឋសាសូនី (Saxony) នៅភាគខាងកើតប្រទេសអាល្លឺម៉ង់។
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល (Olaf Scholz) បាននិយាយថា ឥឡូវនេះអាឡឺម៉ង់ប្រហែលនឹងក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់ការផលិតបន្ទះឈីបនៅអឺរ៉ុប ដោយកាលពីពេលប្រហែល២ខែមុនក្រុមហ៊ុន Intel របស់អាមេរិកក៏បានប្រកាសផែនការចំណាយប្រាក់ជាង៣០ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបរបស់ខ្លួនចំនួន២នៅក្នុងប្រទេសនេះផងដែរ។
លោក អូឡាហ្វ បានបន្ថែមថា ការបង្កើតរោងចក្រទាំងអស់នេះ គឺសំខាន់ខ្លាំងណាស់សម្រាប់ភាពរឹងមាំនៃរចនាសម្ព័ន្ធផលិតកម្មនៅជុំវិញពិភពលោក ប៉ុន្តែវាក៏សំខាន់ផងដែរសម្រាប់លទ្ធភាពជោគជ័យនាពេលអនាគតនៃទ្វីបអឺរ៉ុបទាំងមូល ហើយមិនតែប៉ុណ្ណោះវាពិតជាមានសារៈសំខាន់ជាពិសេសសម្រាប់លទ្ធភាពជោគជ័យនាពេលអនាគតរបស់ប្រទេសអាល្លឺម៉ង់ផងដែរ។
ក្រុមហ៊ុនតៃវ៉ាន់ TSMC គឺជាការវិនិយោគដ៏ធំបំផុតតែមួយគត់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋសាសូនី និងជាការជំរុញមួយសម្រាប់នាយករដ្ឋមន្ត្រីរបស់រដ្ឋដ៏អភិរក្សមួយនេះគឺលោក ម៉ៃឃែល ក្រេតស្មឺ (Michael Kretschmer) ដែលកំពុងប្រឈមមុខនឹងបញ្ហាដ៏សំខាន់មួយពីគណបក្សប្រឆាំងស្ដាំនិយមនៅមុនការបោះឆ្នោតថ្នាក់តំបន់នៅឆ្នាំក្រោយនេះ៕