Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC អះអាងថា ផែនការវិនិយោគរបស់ខ្លួននៅអាម៉េរិក គ្មានការប្រែប្រួលនោះទេ

Media LNN | Nov 09, 2024
ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC អះអាងថា ផែនការវិនិយោគរបស់ខ្លួននៅអាម៉េរិក គ្មានការប្រែប្រួលនោះទេ
Clinic narith

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC បានអះអាងថា ផែនការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាម៉េរិក នៅតែបន្តដំណើរការជាធម្មតា បើទោះបីជាលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានត្រឡប់មកកាន់កាប់សេតវិមានជាថ្មីក៏ដោយ ខណៈទិន្នផលបន្ទះឈីបរបស់តៃវ៉ាន់មានការកើនឡើងខ្ពស់នៅមួយរយៈចុងក្រោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ឆ្លើយតបនឹងអ្នកសារព័ត៌មាន ដែលចោទសួរពីផែនការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាម៉េរិក ក្រោយលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC បានអះអាងថា ផែនការវិនិយោគរបស់ខ្លួននៅក្នុងទឹកដីអាម៉េរិក គឺគ្មានការប្រែប្រួលអ្វីឡើយ។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតបន្ថែមជុំវិញបញ្ហានៃផែនការវិនិយោគរបស់ខ្លួននោះទេ។

ក្រុមហ៊ុន TSMC ដែលជាប់កិច្ចសន្យាផលិតបន្ទះឈីបច្រើនជាងគេបំផុតលើពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន Nvidia ដែរនោះបានបោះទុនវិនិយោគរហូតដល់៦៥ពាន់លានដុល្លារ លើការបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីនៅរដ្ឋអារីហ្សូណា សហរដ្ឋអាម៉េរិក។ ទោះបីក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ បានអះអាងបែបនេះក្តី តែអ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោក ត្រាំ បានចោទប្រកាន់តៃវ៉ាន់ថា បានលួចអាជីវកម្មបន្ទះឈីបរបស់អាម៉េរិក។

កាលពីខែមេសា រោងចក្ររបស់ក្រុមហ៊ុន TSMC នៅអាម៉េរិកទទួលបានប្រាក់ឧបត្ថម្ភរហូតដល់៦,៦ពាន់លានដុល្លារសម្រាប់ការផលិតបន្ទះឈីបទំនើបនៅរដ្ឋអារីហ្សូណា ក្នុងកិច្ចព្រមព្រៀងបឋមជាមួយនឹងក្រសួងពាណិជ្ជកម្ម ហើយប្រភពខ្លះបាននិយាយថា នៅសប្ដាហ៍នេះ ក្រុមហ៊ុនរបស់តៃវ៉ាន់មួយនេះព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត គ្រោងនឹងទទួលរង្វាន់ចុងក្រោយរបស់ពួកគេពីរដ្ឋបាលលោក ចូ បៃដិន ថែមទៀតផង។

ទិន្នផលបន្ទះឈីបរបស់តៃវ៉ាន់ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការកើនឡើង២២% នៅឆ្នាំនេះដោយឡើងដល់១៦៥ពាន់លានដុល្លារ ដោយសារតម្រូវការបន្ទះឈីបទំនើបៗរួមទាំងម៉ាស៊ីនមេសម្រាប់បញ្ញាសិប្បនិម្មិត និងកុំព្យូទ័រព្រមទាំងទូរសព្ទឆ្លាតវៃត្រូវបានគេរំពឹងថា នឹងកើនឡើងវិញក្រោយពីបានធ្លាក់ចុះជាង១០% មកនៅត្រឹមជិត១៣៤ពាន់លានដុល្លារក្នុងពេលកន្លងមក។

លោក គ្លីហ្វ ហួ (Cliff Hou) ប្រធានសមាគមឧស្សាហកម្មបន្ទះឈីបនៅតៃវ៉ាន់ និងជាមន្ត្រីជាន់ខ្ពស់នៅក្រុមហ៊ុន TSMC បានព្យាករថា តួនាទីរបស់តៃវ៉ាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីបនឹងកើនឡើង ហើយថា តៃវ៉ាន់បានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកខាងផលិតបន្ទះឈីប ការវេចខ្ចប់ និងការត្រួតពិនិត្យ និងជាប់ចំណាត់ថ្នាក់ទីពីរខាងរចនាបន្ទះឈីប៕