(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ចាប់ពីថ្ងៃនេះតទៅ ដោយសារតែស្ថាប័នព័ត៌មានមួយនេះបានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់បង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។
សូមបញ្ជាក់ថា លោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសម្រេចឃាត់ខ្លួននៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
មន្រ្តីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ថាការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើង ក្រោយពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់មានទាំងខ្លឹមផង និង LIVE វីដេអូផងតាមបណ្តាញសសង្គមពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់និងការពារជំងឺ COVID-19៕
ប្រភព : Fresh News