យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពីប្រមាណ២,៧%ក្នុងឆ្នាំ២០២៣ មកនៅត្រឹម២,៤%ក្នុងឆ្នាំ២០២៤នេះ ។
របាយការណ៍ស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យពិភពលោក បាននិយាយថា កំណើននេះ ត្រូវបានគេព្យាករណ៍ថានឹងមានភាពប្រសើរឡើងក្នុងកម្រិតមធ្យមដល់ ២,៧% ក្នុងឆ្នាំ ២០២៥ ប៉ុន្តែនឹងនៅតែទាបជាងអត្រាកំណើនដែលបានរំពឹងទុកមុនការរាតត្បាតវីរុសនៃ ៣,0% ។
របាយការណ៍ដដែលបាននិយាយថា អតិផរណាសកលត្រូវព្យាករណ៍ថានឹងធ្លាក់ចុះបន្ថែមទៀត ពីប្រមាណ៣,៩% ក្នុងឆ្នាំ ២០២៣ដល់៥,៧% ក្នុងឆ្នាំ ២០២៤ ។
របាយការណ៍ខាងលើបានបន្ថែមថា ប៉ុន្តែសម្ពាធតម្លៃនៅតែកើនឡើងនៅក្នុងប្រទេសជាច្រើន ហើយការកើនឡើងបន្ថែមទៀតនៃជម្លោះភូមិសាស្ត្រនយោបាយនឹងដាក់បន្ទុកបន្ថែមទៀត ។
របាយការណ៍នេះបានគូសបញ្ជាក់ថា នៅក្នុងប្រហែលមួយភាគបួននៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ អតិផរណាប្រចាំឆ្នាំ ត្រូវបានព្យាករណ៍ថានឹងហក់ឡើងលើសពី ១០% ក្នុងឆ្នាំ ២០២៤នេះ។
មានការរំពឹងថាសហរដ្ឋអាមេរិកនឹងមើលឃើញការធ្លាក់ចុះនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី២,៥ % ក្នុងឆ្នាំ ២០២៣ ដល់១,៤% ក្នុងឆ្នាំ ២០២៤ ដោយបន្ថែមថាប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងជួបប្រទះកំណើនយឺតក្នុងកម្រិតមធ្យមជាមួយនឹងកំណើនដែលបានព្យាករណ៍ ក្នុងអត្រា៤,៧% ក្នុងឆ្នាំ ២០២៤ ដែលធ្លាក់ចុះពី ៥,៣% កាលពីឆ្នាំមុន។
យោងតាមរបាយការណ៍ អឺរ៉ុប និងជប៉ុន ក៏ជួបបញ្ហាប្រឈមអត្រាកំណើនដែលត្រូវបានព្យាករណ៍នៅកម្រិត ១,២% សម្រាប់តំបន់ទាំងពីរក្នុងឆ្នាំ ២០២៤ ផងដែរ។ ទន្ទឹមនឹងនោះ អត្រាកំណើនរបស់ទ្វីបអាហ្រ្វិកត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្តិចពី ៣,៣% ក្នុងឆ្នាំ ២០២៣ ដល់ ៣,៥% ក្នុងឆ្នាំ ២០២៤៕