(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ បានស្នើឱ្យក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន បញ្ឈប់ការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅក្នុងតំបន់សមុទ្រក្រហមជាបន្ទាន់ ក្នុងបរិបទដែលអ៉ីស្រាអែលប្ដេជ្ញាបន្តធ្វើសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការស្នើខាងលើរបស់ក្រុមប្រឹក្សាសន្តិសុខ ត្រូវបានលើកឡើងក្នុងដំណោះស្រាយមួយដែលទាមទារឱ្យក្រុមហ៊ូទីបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពវាយប្រហារទាំងអស់ ដែលកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មរបស់ពិភពលោក និងបំផ្លាញសេរីភាពធ្វើនាវាចរណ៍ រួមទាំងសន្តិភាព និងសន្តិសុខក្នុងតំបន់។ ដំណោះស្រាយ នេះដែរត្រូវបានអនុម័ត បន្ទាប់ពីរុស្ស៉ី ព្រមទាំងចិន ម៉ូសំប៊ិក និងអាល់ហ្សេរី អនុបវាទ។
ការកើនឡើងនៃការវាយប្រហាររបស់ក្រុមហ៊ូទី នៅក្នុងតំបន់សមុទ្រក្រហម បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនធំៗត្រូវធ្វើដំណើរតាមផ្លូវវៀងជុំវិញតំបន់ដែនសមុទ្រ Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ដែលនេះធ្វើឱ្យការធ្វើដំណើរត្រូវចាយពេលយូរ និងចំណាយកាន់តែច្រើន។ UN កន្លងមក ធ្លាប់បាននិយាយថាខ្លួននៅតែមាន ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នៅក្នុងតំបន់សមុទ្រក្រហម ហើយការបារម្ភនេះទៀតសោតមិនមែនតែនៅក្នុងតំបន់ទេ តែគឺផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក។
គួរបញ្ជាក់ថា ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ក៏បានថ្កោលទោសផងដែរការវាយប្រហាររបស់ក្រុមហ៊ូទី លើកប៉ាល់ដឹកទំនិញជាច្រើនលើក ចាប់តាំងពី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែនដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានអះអាងថាការវាយប្រហាររបស់ខ្លួន គឺជាការបង្ហាញសាមគ្គីភាពទៅកាន់ ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ហើយថានឹងបន្តការវាយប្រហាររហូតទាល់តែអ៉ីស្រាអែលបញ្ឈប់សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ សហរដ្ឋអាមេរិកវិញក៏បាន បង្កើតក្រុមចម្រុះអន្តរជាតិមួយ ដើម្បីការពារសន្តិសុខ និងទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហមផងដែរ៕