សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចកំពូលអាស៊ានអូស្ត្រាលី លើកទី២ ជាមួយ នឹងឯកឧត្តម អានថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី និងជាសហប្រធាននៃកិច្ចប្រជុំ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសុទិដ្ឋិនិយម ថាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើនទៀត ជូនដល់ប្រជាជនទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ ដែលប្រទេសអូស្ត្រាលីតែងតែបង្ហាញការគាំទ្រឥតងាករេ មកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម និងយន្តការនានាដែលដឹកនាំដោយអាស៊ាន។
សម្តេចតេជោបានមានប្រសាសន៍បន្ថែមទៀតថា នៅក្រោមក្របខណ្ឌ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី សម្តេចបានកោតសរសើរនូវល្បឿន និងសមិទ្ធផលដែលភាគីទាំងពីរ សម្រេចបានរួមគ្នា ក្នុងរយៈពេលដ៏ខ្លី តាមរយៈគំនិតផ្តួចផ្តើមយ៉ាងច្រើន ជាពិសេសគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីអនាគតអាស៊ាន ដែលនឹងផ្តល់ការគាំទ្រអន្តរវិស័យ ដល់ការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក ដែលតម្រូវការជាក់ស្តែងរបស់ប្រទេសអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អូស្តា្រលី ក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មតំបន់ ការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ និងកាត់បន្ថយគម្លាតអភិវឌ្ឍ តាមរយៈការដាក់ចេញនូវកម្មវិធី អូស្ត្រាលីសម្រាប់អាស៊ាន ស្តីពីសេដ្ឋកិច្ច និងការតភ្ជាប់ និងកម្មវិធី គាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ជាដើម។ សមិទ្ធផលដ៏ត្រចេះត្រចង់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសន្ទនា ឲ្យកាន់តែស៉ីជម្រៅ៕