Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីរ ជាសមាជិកនៃស្ថាប័នរបស់ UN

Media LNN | May 13, 2023
កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីរ ជាសមាជិកនៃស្ថាប័នរបស់ UN
Clinic narith

រាជធានីភ្នំពេញ៖ កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីរ ដើម្បីបំពេញតំណែងទំនេរក្នុងស្ថាប័នចំណុះចំនួន១៤ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា សម្រាប់តំណែងសំខាន់ទាំង២ដែលកម្ពុជាទទួលបានរួមមាន៖ ទី១.សមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដារគណនេយ្យ និងរាយការណ៍អន្តរជាតិ (International Standards of Accounting and Reporting – ISAR) សម្រាប់ អាណត្តិ២០២៤-២០២៦ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

រីឯទី២. សមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់កម្មវិធីអង្គការសហប្រជាជាតិ ប្រយុទ្ធជំងឺអេដស៍ (Programme Coordinating Board (PCB) of the Joint United Nations Programme on HIV/AIDS - UNAIDS) សម្រាប់អាណត្តិ២០២៣ - ២០២៥ ដោយគិតចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។

យ៉ាងណាមិញ ក្រសួងការបរទេសបានអះអាងថា ការជាប់ឆ្នោតជាសមាជិក ISAR និង UNAIDS PCB គឺជាការបង្ហាញពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជា និងការទទួលស្គាល់របស់សហគមន៍អន្តរជាតិនូវការកសាងជាតិឡើងវិញ និងការគ្រប់គ្រងការរាតត្បាតមេរោគអេដស៍ប្រកបដោយជោគជ័យរបស់កម្ពុជា ក៏ដូចជាការរួមចំណែករបស់កម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។

ម្យ៉ាងទៀត នេះគឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដែលកម្ពុជា សម្រេចបានក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ។ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការជឿទុកចិត្តពីរដ្ឋាភិបាលទាំងអស់ ដែលបានបោះឆ្នោតគាំទ្រកម្ពុជាសម្រាប់តួនាទីដ៏សំខាន់ទាំងនេះ ផងដែរ៕