(យូអិន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនបានយល់ព្រមជាគោលការណ៍ជាមួយអង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហមអន្តរជាតិ ពាក់ព័ន្ធនឹងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប Azovstal នៃទីក្រុងម៉ារីយូប៉ូល ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ នេះបើតាម UN ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។
ការព្រមព្រៀងខាងលើធ្វើឡើងនៅក្នុងជំនួបនៅឯទីក្រុងមូស្គូ រវាងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) និងលោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយអ្នកទាំង២ បានពិភាក្សាគ្នាពីស្ថានភាពនៅឯរោងចក្រដែកថែប Azovstal ជាសមរភូមិតស៊ូ ចុងក្រោយបំផុតរបស់កងទ័ពអ៊ុយក្រែនក្នុងទីក្រុងម៉ារីយូប៉ូល ដែលស្ថិតនៅក្រោមការឡោមព័ទ្ធ និងរងការទម្លាក់គ្រាប់បែកជាច្រើនខែមកនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ, លោក ពូទីន បានប្រាប់សមភាគីតួកគី គឺលោក តាយយ៉ីប អឺដូហ្កាន់ថាមិនមានប្រតិបត្តិការយោធា ណាមួយកំពុងដំណើរក្នុងទីក្រុងម៉ារីយូប៉ូលនោះទេ ហើយថាទីក្រុងកៀវគួរតែទទួលខុសត្រូវលើមនុស្សដែលកំពុងជាប់គាំងក្នុងរោងចក្រ Azovstal។ ប៉ុន្តែ ខាងអ៊ុយក្រែនបានចោទថារុស្ស៉ីនៅតែបន្តបើកការវាយប្រហារ និងកំពុងព្យាយាមសម្រុកចូលក្នុងរោងចក្រនេះ៕