អង្គការសហប្រជាជាតិនិយាយថា ការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីនៅប្រទេសតួកគីគិតជាទឹកប្រាក់ប៉ាន់ស្មានសរុបគឺអាចនឹងលើសពី ១០០ពាន់លានដុល្លារ។
មន្ត្រីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បាននិយាយថា ការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីដ៏ខ្លាំងក្លា និងបំផ្លិចបំផ្លាញកាលពីខែមុននៅភាគខាងត្បូងប្រទេសទួរគីនឹងលើសពី ១០០ពាន់លានដុល្លារ។ លោកស្រី Louisa Vinton នៃ UNDP បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
លោកស្រីថា “វាច្បាស់ណាស់ជុំវិញការគណនាដែលត្រូវបានធ្វើឡើងរហូតមកដល់បច្ចុប្បន្ន តួលេខការខូចខាតដែលបង្ហាញដោយរដ្ឋាភិបាល និងដៃគូអន្តរជាតិ អាចនឹងមានលើសពី ១០០ពាន់លានដុល្លារ”។ ធនាគារពិភពលោកកាលពីមុនក៏បានប៉ាន់ប្រមាណការខូចខាតដោយផ្ទាល់នៅក្នុងប្រទេសទួរគីក្នុងចំនួន៣៤.២ពាន់លានដុល្លារដែរ ប៉ុន្តែក្រោយមកបាននិយាយថា ការចំណាយលើការស្តារឡើងវិញ និងការកសាងឡើងវិញនឹងកាន់តែខ្ពស់ ហើយការខាតបង់ដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសទួរគីទាក់ទងនឹងការរំខានសេដ្ឋកិច្ច នឹងបន្ថែមទៅលើការចំណាយផងដែរ។
តួរលេខនៃការខូចខាតបណ្តោះអាសន្នកំពុងត្រូវបានផ្ទៀងផ្ទាត់ តែមិនទាន់បានសម្រេច ជាផ្លូវការចុងក្រោយទេ។ លោកស្រីបានបញ្ជាក់ថា នៅពេលដែលការប៉ាន់ប្រមាណនេះត្រូវបានបញ្ចប់ វានឹងក្លាយជាមូលដ្ឋានសម្រាប់សន្និសីទម្ចាស់ជំនួយការស្តារ និងកសាងឡើងវិញនៅសប្តាហ៍ក្រោយ។ ការចំណាយលើការស្តារឡើងវិញ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលប្រសើរឡើង និងប្រកបដោយនិរន្តរភាពបរិស្ថាន “ច្បាស់ជានឹងលើសពីចំនួននោះ”។ លោកស្រី Vinton បានពណ៌នាទិដ្ឋភាពនៅក្នុងខេត្ត Hatay ដែលរងគ្រោះខ្លាំងបំផុត ផ្ទះរាប់សែនខ្នងត្រូវបានបំផ្លាញ។ “តម្រូវការមានច្រើន ប៉ុន្តែធនធានមានការខ្វះខាត”។
អ្នកនៅរស់រានមានជីវិតប្រហែល ២ លាននាក់ត្រូវបានគេដាក់នៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ន ឬជម្លៀសចេញពីតំបន់ដែលរងការបំផ្លិចបំផ្លាញដោយរញ្ជួយដី នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលទួរគី។ មនុស្សប្រហែល ១.៥ លាននាក់កំពុងរស់នៅក្នុងតង់ ខណៈដែល ៤៦០០០ នាក់ផ្សេងទៀតត្រូវបានផ្លាស់ប្តូរទៅផ្ទះកុងតឺន័រ។ រដ្ឋាភិបាលបាននិយាយថា អ្នកខ្លះទៀតកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋាន និងផ្ទះសំណាក់។ គួរបញ្ជាក់ថា មនុស្សជាង ៥២០០០ នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេសទួរគី និងភាគពាយព្យនៃប្រទេសស៊ីរីដោយការរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ ក្នុងកម្រិត៧.៨រិចឆ្ទ័រ។ មនុស្សជាច្រើនត្រូវបានកំទេចកម្ទីអគារដួលបាក់សង្កត់ នៅពេលលង់លក់ក្នុងដំណេកទៀបភ្លឺ៕
ប្រភព៖ SKY NEWS