អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់លោកស្រីថា ប្រទេសរុស្ស៊ីទាមទារម្តងទៀតឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីពិភាក្សាអំពីការបង្កហេតុរបស់យោធាអ៊ុយក្រែននៅក្នុងទីក្រុងប៊ូចា។
លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយថា «កាលពីថ្ងៃអាទិត្យ ប្រធាន UNSC បច្ចុប្បន្ន គឺប្រទេសអង់គ្លេសដែលអនុវត្តតាមទំនៀមទម្លាប់ដ៏អាក្រក់បំផុតរបស់ខ្លួន បានបដិសេធម្តងទៀតមិនផ្តល់ការយល់ព្រមចំពោះការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាទីក្រុងប៊ូចាទេ។ កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសរុស្ស៊ីបានទាមទារម្តងទៀតសម្រាប់កិច្ចប្រជុំរបស់ UNSC ដើម្បីពិភាក្សាគ្នាអំពីការបង្កហេតុឧក្រិដ្ឋកម្មដោយយោធាអ៊ុយក្រែន និងពួកក្រុមរ៉ាឌីកាល់នៅក្នុងទីក្រុងនោះ»។
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី៣ ខែមេសា បានច្រានចោលការចោទប្រកាន់របស់របបទីក្រុងគៀវ ដែលកងកម្លាំងរបស់ខ្លួនបានចោទប្រកាន់ថា បានសម្លាប់ជនស៊ីវិលនៅក្នុងសហគមន៍ក្នុងទីក្រុងប៊ូចានៃតំបន់គៀវ។ ក្រសួងនេះបានរំលឹកថា កងកម្លាំងរុស្ស៊ីបានចាកចេញពីទីក្រុងប៊ូចាកាលពីថ្ងៃទី៣០ ខែមីនា ខណៈដែលភ័ស្តុតាងក្លែងក្លាយនៃការសម្លាប់ដែលត្រូវបានចោទប្រកាន់ត្រូវបានបង្ហាញនៅរយៈពេល ៤ថ្ងៃក្រោយមក នៅពេលដែលភ្នាក់ងារ SBU របស់សេវាកម្មសន្តិសុខអ៊ុយក្រែនបានទៅដល់មូលដ្ឋាននោះ។ ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយផងដែរថា កាលពីថ្ងៃទី៣១ ខែមីនា អភិបាលក្រុងប៊ូចា លោក Anatoly Fedoruk បាននិយាយនៅក្នុងវីដេអូមួយថា មិនមានទាហានរុស្ស៊ីនៅក្នុងសហគមន៍នោះទេ។ លោកក៏មិនបានលើកឡើងអំពីអ្នកស្រុកដែលត្រូវបានគេចោទថាត្រូវបានបាញ់សម្លាប់នៅតាមដងផ្លូវនានាដែរ៕