(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរអិលបាក់ដី ដែលបានវាយប្រហារខេត្ត Yunnan គឺបានកើនដល់ ១១នាក់ នៅថ្ងៃអង្គារនេះ ខណៈក្រុមសង្រ្គោះកំពុងបន្តពុះពារ ទាំងក្រោមសីតុណ្ហភាពយ៉ាងត្រជាក់និងព្រិលធ្លាក់ ដើម្បីរុករកមនុស្សរាប់សិបនាក់ទៀត ដែលនៅបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។
ក្រោយកើតមានការវាយប្រហារគ្រោះរអិលបាក់ដីខាងលើ កាលពីថ្ងៃចន្ទ មនុស្សសរុបយ៉ាងហោច៤៧នាក់ មកពី១៨គ្រួសារ ត្រូវបានរាយការណ៍ភ្លាមៗថា បាត់ខ្លួន។ កាលពីរសៀលថ្ងៃដដែល មនុស្ស៨នាក់ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ ត្រូវបានរកឃើញស្លាប់ ខណៈនៅថ្ងៃអង្គារនេះ រកឃើញអ្នកស្លាប់៣នាក់បន្ថែមទៀត។ ចំណែក មនុស្ស២នាក់ក៏បានរងរបួស និងត្រូវបានបញ្ជូនទៅសង្រ្គោះព្យាបាល នៅឯមន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះធម្មជាតិនោះ បានកើតឡើងចំភូមិ២កន្លែង ស្ថិតនៅជាយទីក្រុង Zhaotong នៃស្រុក Zhenxiong កាលពីវេលាម៉ោង៥៖៥១នាទីព្រឹក ពោលគឺមនុស្សភាគច្រើន ហាក់កំពុងស្ថិតក្នុងដំណេកនៅឡើយ។ ដោយឡែក មនុស្សជាង៥០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានជាបណ្តោះអាសន្ន៕